(ភ្នំពេញ)៖ សិក្ខាកាមប្រមាណជាង ១៥០នាក់មកពីក្រសួង ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ និងអប់រំ និងវិស័យឯកជន ត្រូវបានទទួលការបណ្ដុះបណ្ដាលក្នុងសិក្ខាសាលា ស្ដីពី «យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣» នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូន អ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការពិនិត្យ ពិភាក្សា ផ្តល់យោបល់និងធាតុចូល ចុងក្រោយ ទៅលើសេចក្តីព្រាងពេញលេញ នៃឯកសារយុទ្ធសាស្រ្តនេះ។
ក្នុងសិក្ខាសាលា ដែលធ្វើឡើងនៅថ្ងៃទី១០ សីហា ខាងលើនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការកែប្រែឥរិយាបទ ក្នុងការគិតគូដល់បញ្ហាបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្រប ដើម្បីធានាដល់ការរស់នៅ និងការអភិវឌ្ឍប្រកប ដោយចីរភាព។ លោករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមក្នុងដំណើរការ នៃការកសាងឯកសារនេះដោយឈរ លើស្មារតីទទួលខុសត្រូវខ្ពស់ ម្ចាស់ការលើខ្លួនឯង មោទនភាពជាតិ និងឯកភាពជាតិជាធ្លុងមួយ សំដៅធានាដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព។
សូមជម្រាបថា យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣នេះ គឺជាផែនទីបង្ហាញផ្លូវនិងជារបៀបវារៈ នយោបាយ សម្រាប់ធានាឱ្យបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព នៅកម្ពុជា៕