(រតនគិរី)៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១២ ចំនួន១២វិទ្យាល័យ ទូទាំងខេត្តរតនគិរី​។​

សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ  លោក គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី១នៃរដ្ឋសភាជាតិ និងមានការចូលរួមពីលោក ងិន ណែល អភិបាលរងខេត្តរតនគិរី  លោក​អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកជស្រី​LI XUELIN ទីប្រឹក្សាជាន់ខ្ពស់សមាគមនិស្សិត លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហួត ប្រាកដ ប្រធាននាយកដ្ឋានពិធីការ ព្រឹទ្ធសភាកម្ពុជា លោក សេង ចាន់សុវណ្ណារុំ តំណាង ក្រសួងអប់រំ យុវជន និងកីឡា លោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត លោកនាយក អ្នកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស សរុបប្រមាណ១,០០០នាក់។

គោលបំណងសិក្ខាសាលា គឺដើម្បី ណែនាំអំពីបច្ចេកទេសការប្រឡងទទួលបានអាហារូបករណ៍ និងវិធីសាស្ត្រស្នើសុំអាហារូបករណ៍ពេញលេញ សម្រាប់ថ្នាក់បរិញ្ញាបត្រ ដែលមានថ្លៃស្នាក់នៅ  ថ្លៃសាលា  ប្រាក់ខែ និងថ្លៃធនារ៉ាប់រង។ ព្រមទាំងលើកទឹកចិត្ត សិស្សានុសិស្ស សិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករ និងផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន តាមរយៈចែករំលែកនូវបទពិសោធន៍ ការសិក្សា និងការរស់នៅ របស់វាគ្មិនដែលជាអតីតនិស្សិតបញ្ចប់ពីការសិក្សាពីប្រទេសចិន រួមជាកម្រងឃ្លីបវីដេអូអំពីការចែករំលែកពិតអំពីជិវិតសិក្សា និងរស់នៅនិស្សិតយើងនៅប្រទេសចិន  ក៏ដូចជាជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថាសមាគមនិស្សិត បានកំណត់ទិសដៅ និងបន្តខិតខំជួយសម្របសម្រួលឱ្យបាននិស្សិតខ្មែរកំពុងសិក្សាយ៉ាងតិច៥,០០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាសរសស្តម្ភនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ដើម្បីសម្រេចនូវគោលដៅនេះ សមាគមនិស្សិតដែលចេញនូវយុទ្ធសាស្ត្រ២ចំណុច៖ ទី១. បន្តខិតខំស្វែងរកប្រភពអាហារូបករណ៍នៅប្រទេសចិនតាមរយៈដំណើរទស្សនកិច្ច និងកិច្ចសហការផ្សេងៗ និងទី២. បន្តផ្សព្វផ្សាយអាហារូបករណ៍ឱ្យកាន់តែធំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យបេក្ខជនត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់។

លោក គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តរតនគិរី និងសូមជូនពរឱ្យសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ប្រលងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិនាពេលខាងមុខនេះ ទទួលបាននិទ្ទេសល្អ និងមានឱកាសទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ជាមួយជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសប្រទេសចិន ដែលជាមហាមិត្តដែកថែបរបស់កម្ពុជា។

ក្នុងឱកាសខួប ៦៥ ឆ្នាំ នៃចំណងការទូតរវាងកម្ពុជាចិន ឯកឧត្តមតំណាងរាស្ត្រ ក៏ជូនពរចំណងមិត្តភាពដែកថែប កម្ពុជា-ចិន ស្ថិតស្ថេរគង់វង្សជាអតមៈ៕