(ភ្នំពេញ)៖ ក្មេងទំនើងក្រុមរហ័សនាមក្រុម RSK និង BK ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានចំនួន៥នាក់ជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ៣នាក់ ក្នុងនោះបណ្ដាលឲ្យពីរនាក់រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ និងដៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖

*ទី១៖ ឈ្មោះ ទុំ ម៉េងហាក់ ហៅក្រៅ ម៉ៅ អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ថេត ពេជ្រ អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ហី ភារ៉ា អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះគ្មាន ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ
*ទី៤៖ ឈ្មោះ សាលះ លីគាត អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ផ្ទះលេខ២០០០៦៣F ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
*ទី៥៖ ឈ្មោះ រេត ហ៊ុយនេ អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិសត្វ២ ឃុំគៀនស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ដោយឡែក ជនរងគ្រោះទាំង៣នាក់រួមមាន៖ ឈ្មោះ ណេន លីណា អាយុ១៨ឆ្នាំ មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រងរបួសកាប់ត្រូវក្បាលធ្ងន់ធ្ងរម្រាមដៃខាងឆ្វេង និងត្រូវកដៃខាងសាំ្ត (ធ្ងន់ធ្ងរ), ឈ្មោះ រុំ រាជ អាយុ២២ឆាំ្ន មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ សងា្កត់ស្រះចក ខណ្ឌដូនពេញ រងបួសត្រូវក្បាល (ចំនួន១០ថ្នេរ), និងឈ្មោះ ឆាយ សេងហួរ អាយុ១៨ឆ្នាំ មុខរបរចុងភៅហាង មានទីលំនៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (ពុំរងរបួស)។

សម្ភារៈដកហូត ដាវកែឆ្នៃ ចំនួន០៣ដើម (របស់ជនសង្ស័យ), ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ផ្លាកលេខភ្នំពេញ1JM-8547 (ជារបស់ជនសង្ស័យឈ្មោះថេត ពេជ្យ) និងម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1BK-9070។ ចំណែកបក្ខពួកជនសង្ស័យចំនួន១០នាក់ទៀត គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងស្វែងរកបក្ខពួកបន្ថែម និងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕