(បាងកក)៖ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងទៅកាន់ប្រជាជនរបស់ខ្លួនថា វាដល់ពេលហើយ ដែលត្រូវបោះចោលការខ្វែងគំនិតគ្នាកន្លងមក រួចបន្តបេសកកម្មទៅមុខ ទៀតនោះគឺការត្រៀមខ្លួនបោះឆ្នោតនៅចុងឆ្នាំ ២០១៧ ខាងមុខ។ នេះបើតាមការចេញផ្សាយនៅ Channel News Asia នាយប់ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។
រំលឹកដល់ការធ្វើប្រជាមតិកាលពីថ្ងៃអាទិត្យនោះ គឺជាលើកទីមួយហើយសម្រាប់ការស្ទង់មតិពលរដ្ឋថៃ ចាប់តាំងពីរដ្ឋប្រហារបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០១៤។ សម្រាប់អំឡុងពេលនៃការរង់ចាំ ការបោះឆ្នោតសកលមកដល់នៅចុងឆ្នាំ ២០១៧ ខាងមុខនេះ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលដកបម្រាម លើការប្រមូលផ្តុំគ្នាពិភាក្សារឿងនយោបាយចេញ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋថៃ ធ្វើការពិភាក្សាដោះដូរមតិ នៅមុនថ្ងៃបោះឆ្នោតសកលធ្វើឡើងនោះ។
យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ មិនបានឆ្លើយតបចំពោះការទាមទារនោះឡើយ ដោយនៅថ្ងៃពុធនេះ លោកបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និងបាននិយាយថា «ខ្ញុំចង់ឲ្យពួកយើងបោះបង់នូវ ភាពខុសប្លែកគ្នា, អ្នកមានអារម្មណ៍ថា ចូលចិត្ត និងមិនចូលចិត្ត, ទទួលយក ឬក៏មិនទទួលយក ចូលទៅក្នុងប្រអប់ឆ្នោត ហើយបន្តដំណើរទៅមុខទៀត។ ការធ្វើប្រជាមតិបានចប់មែន ប៉ុន្តែបេសកកម្មរបស់អ្នក និងបេសកកម្មរបស់ពួកយើង វាមិនទាន់បញ្ចប់នៅឡើយទេ»។
គួរបញ្ជាក់ថា ប្រទេសថៃបានទទួលរងនូវវិបត្តិនយោបាយដ៏ជូរចត់ ចាប់តាំងពីការទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ចេញពីតំណែងកាលពីឆ្នាំ ២០០៦។ ឆ្លងកាត់ប៉ុន្មានឆ្នាំមកទៀត រហូតដល់មានការបោះឆ្នោតដែល ខ្សែស្រឡាយ និងបក្សពួកលោក ថាក់ស៊ីន បានជាប់ជាបន្តបន្ទាប់នោះ ក៏ត្រូវបានគេ ទម្លាក់ចេញពីតំណែងថែមទៀត ជាពិសេសគឺលោកស្រី យីងឡាក់ ប្អូនស្រីបង្កើតលោក ថាក់ស៊ីន ដែល ត្រូវបានយោធាទម្លាក់ពីអំណាចកាលពីឆ្នាំ ២០១៤ ក្រោយកាន់តំណែងនាយរដ្ឋមន្ត្រីបាន ១ពាន់ថ្ងៃ៕