(ញូវយ៉ក, អាមេរិក)៖ លោក អង់តូនីញ៉ូ ហ្កូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសន្តិភាពនៅលើពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមសកម្មភាពថែរក្សាសន្តិភាពនៅតាមប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្រៅតែពីការវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់កម្ពុជាក្នុងកិច្ចការរក្សាសន្តិភាពនេះហើយ លោកអគ្គលេខាធិការ ក៏បានអរគុណជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញការងាររក្សាសន្តិភាពនៅតាមបណ្តាប្រទេសជួបវិបត្តិនៃភ្លើងសង្គ្រាម។
ពាក់ព័ន្ធនឹងបញ្ហាសុខសន្តិភាពនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចថា នៅតែមានបញ្ហាប្រឈមគ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ សម្ដេចធិបតី បានរំលេចថា ការរក្សាបានសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបអគ្គលេខាធិការអង្គការសហប្រជាជាតិថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ក្នុងនោះ កម្ពុជាបន្តចូលរួមក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្មក្រៅប្រទេស ដែលមានចំនួនជាង ៩ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធសុខសន្តិភាពនេះ ក្នុងនាមប្រជាជន និងប្រទេសកម្ពុជា សម្ដេចអធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់៕
</p