(ញូវយ៉ក, អាមេរិក)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នា២០២៣ ម៉ោងនៅញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា។ វេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។
ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា៖
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែល ឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើ មូលដ្ឋានគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។
វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងនៅក្នុងពេលវេលាដ៏សមស្រប និងមានសារៈសំខាន់ដល់ប្រទេសទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកលសំខាន់ៗ។
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅជូនសហប្រធានទាំងពីរ គឺសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ ពាណិជ្ជកម្ម ក៏ថូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
ជាការពិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺពិតជាបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាច្រើន។ សហរដ្ឋអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសមស្របសម្រាប់វិស័យកម្មន្តសាល។ ការណ៍នេះ បានធ្វើឱ្យតម្លៃទំនិញផលិតនៅកម្ពុជាមានតម្លៃទាបសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនាក់ទំនងការទូតប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្តជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។ តែការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសកលលោក។ នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។
សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។
ជាមួយនឹងសុខសន្តិភាពពេញលេញ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ។ ដូចសហរដ្ឋអាមេរិកដែរ កម្ពុជា ជឿជាក់លើសេរីភាព និងបានចាក់ឫសក្នុងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ សម្រាប់វិនិយោគិនបរទេស ប្រទេសដែលមានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចឆាប់រហ័ស គឺជាគោលដៅដែលវិនិយោគិនចង់បាន។ ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ពិតជាមានភាពធន់ និងបានប្រយុទ្ធឈ្នះលើសមរភូមិកូវីដ-១៩ ទាំងស្រុង។
ក្នុងនាមជាប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋពេញលេញ និងបើកដំណើរការប្រទេសបានឆាប់រហ័ស ទោះបីជាមានភាពវឹកវរនៅក្នុងសេដ្ឋកិច្ចសកល កម្ពុជាបានខិតខំប្រឹងប្រែង និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។
យើងមានឆន្ទៈដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងរយៈពេល២៥ឆ្នាំទៅមុខ យុទ្ធសាស្ដ្រនេះកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកចម្រើនលើផ្នែកឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម យុទ្ធសាស្ដ្រនេះបានផ្ដោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យាឌីជីថល។
ខ្ញុំសូមគូសបញ្ជាក់ថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ គឺមាន២ផ្នែក មួយផ្នែកដើម្បីរក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងមួយផ្នែកទៀត គឺដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធននៃវិស័យចំនួន៥ មានដូចជា៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហរិញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបិរស្ថាន ព្រមទាំងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលឧកញ៉ា គួច ផេង បានបកស្រាយមុននេះ ដោយមានការប្ដេជ្ញាថា ក្នុងការកសាងស្ថាប័នរឹងមាំ និងមានបរិយាប័ន្ន។
រាជរដ្ឋាភិបាល នឹងបង្កើនសន្ទុះការកែទម្រង់ស្ថាប័នគន្លឹះ និងដាក់ចេញនូវវិធានការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ដែលកម្ពុជាបានជួបប្រទះនាពេលកន្លងមក ជាពិសេសបញ្ហាបរិយាកាសធុរកិច្ច និងការវិនិយោគ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងជះឥទ្ធិពលជាអវិជ្ជមានដល់ការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារអន្ដរជាតិ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជាពិសេសលើកត្តាសំខាន់ចំនួន៦រួមមាន៖ ១៖ ការកែលម្អនីតិវិធីរដ្ឋបាល, ២៖ ការកាត់បន្ថយចំណាយបន្ទុកលើការដឹកជញ្ជូន និងឡូជីស្ទិក, ៣៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដូចជា ផ្លូវ ស្ពាន កំពង់ផែ អាកាសយានដ្ឋាន ផ្លូវអយស្ម័យយាន និងការផ្គត់ផ្គង់អគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់ពាណិជ្ជកម្ម (នៅចុងឆ្នាំ២០២៣នេះ យើងនឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ មួយនៅសៀមរាប និងមួយទៀតនៅភ្នំពេញ ក្នុងដើមឆ្នាំ២០២៤ ដើម្បីសម្រួលកំណើន), ៤៖ ការជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញ នេះជាកិច្ចការសំខាន់ព្រោះធនធានមនុស្ស គឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួមចំណែកក្នុងដំណើរការនិវត្តរបស់យើង, ៥៖ ការកែលម្អអភិបាលកិច្ចល្អ, ៦៖ ការដាក់ចេញឱ្យអនុវត្តន៍ នូវច្បាប់វិនិយោគបើកចំហរ និងទំនើប ច្បាប់នេះនឹងផ្ដល់នូវការលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគប្រកបដោយគុណភាព និងវិស័យអាទិភាពមួយចំនួនដូចជា បច្ចេកវិទ្យា រថយន្ដអេឡិកត្រូនិក ថាមពលបៃតង និងសុខាភិបាលជាដើម។
ខ្ញុំសូមគូសបញ្ជាក់ថា ច្បាប់នេះក៏បានបញ្ចូលនូវទស្សនទានដែលអនុញ្ញាតឲ្យយើងអាចបត់បែន ឆ្លើយតបតម្រូវការវិស័យឧស្សាហកម្ម ឬវិនិយោគិន ហើយយើងអាចបត់បែន និងប្រកួតប្រជែងកាន់តែខ្លាំង និងកាន់តែប្រាកដនិយម ក្នុងការទាក់ទាញ់ និងឆ្លើយតបសេចក្ដីត្រូវការរបស់វិនិយោគិន។
បន្ថែមលើការដាក់ចេញវិធានការកែទម្រង់គន្លឹះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដកិច្ចសន្ទនាជាមួយវិស័យឯកជន តាមរយៈការរៀបចំវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ឲ្យបានទៀតទាត់។ ខ្ញុំនឹងធ្វើជាធិបតីភាពដោយផ្ទាល់ ដើម្បីស្ដាប់នូវបញ្ហាប្រឈម និងក្ដីកង្វល់ ព្រមទាំងសំណូមពរពីសំណាក់ធុរជន និងវិនិយោគិនជាតិ និងអន្ដរជាតិ ព្រមទាំងផ្ដល់នូវដំណោះស្រាយ និងវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលវេទិកានេះ គឺជាយន្ដការដ៏មានប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាការវិនិយោគ និងកែលម្អបរិយាកាសធុរកិច្ច ព្រមទាំងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងខណៈការជួបប្រទះវិបត្តិសេដ្ឋកិច្ចសកល។ ខ្ញុំបានចាត់ចែងឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាជាមួយគ្រប់វិស័យ ដែលយើងអាចបូកសរុបបានគ្រប់ជ្រុងជ្រោយ អំពីតម្រូវការ និងកត្តាប្រកួតប្រជែងអ្វីខ្លះដែលធុរជនត្រូវការ ដូច្នេះយើងអាចផ្ដល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ក្នុងកំលុងពេលនេះ។
សេដ្ឋកិច្ចពិភពលោកមានភាពប្រទាក់ក្រឡាគ្នា និងពឹងផ្អែកគ្នាកាន់តែខ្លាំង។ ស្ថានភាពនៃសេដ្ឋកិច្ចប្រទេសមួយ ងាយរងផលប៉ះពាល់យ៉ាងឆាប់រហ័ស ពីស្ថានភាពនៃសេដ្ឋកិច្ចរបស់ប្រទេសដទៃៗទៀត តាមរយៈការប្រទាក់ក្រឡានេះ។ ជាពិសេស ទៅលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ការណ៍នេះបញ្ជាក់ថាការលើកកម្ពស់ជាប្រចាំ នៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេស និងប្រទេស ក្នុងទម្រង់ជាពាណិជ្ជកម្ម និងការវិនិយោគ ឬកិច្ចសហប្រតិបត្តិការ ពិតជាផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើន។
ប្រទេសកម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគី ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP)។
ដើម្បីបម្រើជាច្រកនាំចេញឱ្យកាន់តែធំទូលាយ ក្នុងការនាំចេញទំនិញដែលផលិតដោយសាជីវកម្មពហុជាតិអាមេរិកនៅកម្ពុជា។ ខ្ញុំមានសេចក្ដីសោមនស្ស សូមអញ្ជើញវិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។ ហើយនៅដើមឆ្នាំនេះ ខ្ញុំមានឱកាសបានជួបប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយខ្ញុំសង្ឃឹមថា នឹងមានឡើងជាប្រចាំ ហើយកម្ពុជារីករាយកុ្នុងការស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់ខ្ញុំ។
ខ្ញុំសង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពីសក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ យើងមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាងបានឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា។
រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួមប្រកបដោយបរិយាបន្ន។ ការណ៍នេះអ្នកទាំងអស់ក៏បានដឹងអំពីប្រវត្តិសិក្សាលើផ្នែកសេដ្ឋកិច្ចរបស់ខ្ញុំផងដែរ។
ថ្មីៗនេះខ្ញុំមិនបានលូកដៃទីផ្សារពេកទេ ប៉ុន្ដែវាត្រូវមានបទប្បញ្ញត្តិច្បាស់លាស់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន វិស័យឯកជនអាចនឹងសកម្មខ្លាំងក្នុងកិច្ចការនេះ។ ខ្ញុំជឿថា ធុរជន យល់ច្បាស់អំពីធុរកិច្ចច្បាស់ជាងរដ្ឋាភិបាល រាជរដ្ឋាភិបាលមានតួនាទីគាំទ្រផ្ដល់នូវក្របខ័ណ្ឌការងារ និងកត្តាចាំបាច់ផ្សេងទៀត។ ចំណែករាជរដ្ឋាភិបាលថ្មីរបស់ខ្ញុំ គឺបានជួបជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបន្ស៉ីគ្នា និងជាដៃគូដ៏សកម្ម ហើយវិស័យឯកជនមិនត្រឹមតែជាអ្នកប្រឹក្សាក្នុងការផ្ដល់គំនិតយោបល់ប៉ុណ្ណោះទេ ដូចជាពេលយើងទទួលបានកិច្ចព្រមព្រៀង វិស័យឯកជនគឺជាតួអង្គក្នុងការអនុវត្ត។ វិស័យឯកជនត្រូវចូលរួមអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់របស់រដ្ឋាភិបាល ដូច្នេះប្រសិនបើរដ្ឋាភិបាលមាននូវវិស័យឯកជន ដែលដើរតួនាទីបានល្អ មិនបានប្បញ្ញតិ្ដបង្កើតដោយវិស័យឯកជន ឬរដ្ឋាភិបាលឡើយ រដ្ឋាភិបាលនឹងផ្ដល់ឱកាសឱ្យឯកជនចូលរួមកិច្ចការកាន់តែច្រើននេះគឺជាចក្ខុវិស័យរបស់ខ្ញុំ។
យើងសង្ឃឹមថា វិស័យឯកជននឹងក្លាយជាដៃគូកាន់តែសំខាន់របស់យើង ហើយយើងនឹងដាក់ចេញនូវយន្ដការថ្មីៗ នាពេលអនាគត។ យើងសង្ឃឹមថា យើងនឹងក្លាយជាតួអង្គ និងជាដៃគូយ៉ាងសកម្មជាមួយគ្នា ដូចទៅនឹងពាក្យស្លោកថា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ នេះគឺជាទស្សនទានរបស់យើងនាពេលអនាគត ហើយយើងចង់ឃើញវិស័យឯកជន នឹងចូលរួមកាន់តែសកម្មថែមទៀត។
យើងសង្ឃឹមថា វត្តមាននៅទីនេះ នឹងជាឱកាសក្នុងការពិភាក្សារវាងធុរជនរបស់កម្ពុជា និងធុរជនអាមេរិក ជួបពិភាក្សាគ្នា និងបង្កើតទំនាក់ទំនង ស្វែងយល់ពីគ្នា ហោចណាស់បានបង្កើតមិត្តថ្មីបន្ថែមទៀត ហើយពេលទៅទស្សនាកម្ពុជា អ្នកនឹងមិនបារម្ភក្នុងការវង្វេងផ្លូវឡើយ ព្រោះមានមិត្តភ័ក្ដនៅទីនោះ។
នេះជាកិច្ចការសំខាន់ដែលមនុស្សគ្រប់រូបបង្កើតបណ្ដាញ តាមរយៈការវិនិយោគ និងគ្រប់ទម្រង់ ព្រមទាំងជាមូលដ្ឋាននៃការបង្កើតទំនាក់ទំនង រវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ហើយខ្ញុំសង្ឃឹមថា ធុរកិច្ចរបស់យើង ធុរកិច្ចកម្ពុជា និងសហរដ្ឋអាមេរិក អាចបង្កើនទំនាក់ទំនង និងចាប់យកឱកាសមិនត្រឹមតែក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែក៏បង្កើនក្នុងកិច្ចទំនាក់ទំនងជាមួយគ្នាផងដែរ ហើយក៏សង្ឃឹមថាតាមរយៈចលនានេះ យើងអាចពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ៕