(ចិន)៖ ក្នុងឱកាសគង់ស្នាក់អាស្រ័យបំពេញព្រះរាជដំណើរទស្សនកិច្ច នៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណ រដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចូលរួមក្នុងកិច្ចសវនាការដ៏ពិសេសមួយដែលថ្វាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅនៅវិមានរដ្ឋបឹងស៊ីហ៊ូ។

នាឱកាសនោះដែរ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយដោយឥតឧបមា ដោយឆ្នាំនេះគឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពរវាងចិន-កម្ពុជា និងអបអរសាទរចំពោះការរីកចំរើននៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ជាបងប្អូន ដែលមានរយៈពេលជាយូរលង់មកណាស់ហើយ ជាពិសេស ទំនាក់ទំនងរវាងប្រទេសយើងទាំង២ មានការរីកចម្រើនក្នុងលក្ខណៈល្អពិសេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយ នឹងភាពឈ្លាសវៃប៉ិនប្រសព្វបំផុតរបស់ ថ្នាក់ដឹកនាំកំពូលចិនមានជាច្រើនជំនាន់ណាស់មកហើយ។ ការត្រួសត្រាយនៅមាគារដ៏ភ្លឺត្រចះត្រចង់ត្រូវបានថ្នាក់នាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុងភាពប្រសើរខ្ពង់ខ្ពស់រហូតដល់សព្វថ្ងៃនេះ។

មានព្រះរាជឱង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំថ្វាយនូវព្រះរាជវន្ទនកិច្ចស្វាគមន៍ដ៏មហោឡារិកស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីថ្នាក់ដឹកនាំ និងប្រជាជនជាបងប្អូននៅទីក្រុង Hangzhou ខេត្ត Zhejiang។

ក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តែងនៅកត្តញូតាធម៌ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរសរបស់ថ្នាក់ដឹកនាំបក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, រដ្ឋាភិបាល និងមហាប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ប្រកបដោយសេចក្តីមហាសប្បុរស និងបានខិតខំពុះពារកសាងទំនាក់ទំនងប្រពៃណីជាបងប្អូនរវាងមហាប្រជាជនចិន និងប្រជាជនកម្ពុជាដោយឈរលើមាគ៌ា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងជាប្រទីបបំភ្លឺផ្លូវ ឈានទៅធ្វើកិច្ចការរួមគ្នា ដើម្បីកសាងភាពជាដៃគូ សហប្រតិបត្តិការឈ្នះៗ ក្នុងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិរហូតមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា និងខេត្ត Zhejiang ជាបន្តបន្ទាប់ ព្រមទាំងសម្រេចបាននូវការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តាខេត្ត រាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Hangzhou ខេត្ត Zhejiang ដល់បច្ចុប្បន្ននេះ៕