(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣២៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ២៩៤គ្រឿង និងរថយន្ត ៣៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,៤៦៧គ្រឿង ក្នុងនោះមានម៉ូតូ ២,០៩៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៦៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ស្រវឹង អត់បណ្ណបើកបរ លើសចំណុះ ល្មើសល្បឿន ឆៀក និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ចំនួន០៨នាក់)។ រយៈពេល ២៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២២៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៧នាក់ របួស ៣៧៩នាក់ (របួសធ្ងន់ ១៨៩នាក់)៕