(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៉ីអាគ្នេយ៍ ដែលមានបញ្ជាក់នូវលទ្ធផលសម្រេចបានចំនួន១១ចំណុច។

គួរជម្រាបថា កិច្ចប្រជុំខាងលើនេះធ្វើឡើងចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានសម្រេចចេញជាសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងនោះសម្រេចបានការងារសំខាន់ៗដោយផ្អែកទៅតាមរបៀបវារៈដែលបានរៀបចំឡើង ដោយឆ្លងកាត់ការប្រជុំក្នុងប្រទេសចំនួន៧លើក ប្រជុំតាមប្រព័ន្ធអនឡាញរវាងសមាគមជាតិទាំង១១ចំនួន២លើក និងប្រជុំតាមអនឡាញរបស់គណៈកម្មការរៀបចំ ដែលមានកាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហមព្រុយណេ (ម្ចាស់ផ្ទះឆ្នាំ២០២២) កាកបាទក្រហមឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះឆ្នាំ២០២៤) និងសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម។

លទ្ធផលដែលសម្រេចបានទាំង១១ចំណុចនោះ រួមមាន៖

១. កិច្ចពិភាក្សា និងការឆ្លើយឆ្លងគ្នារវាងថ្នាក់ដឹកនាំ និងយុវជន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សានេះបានសម្រេចលើការផ្តល់អំណាចដល់យុវជនក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ព្រោះថាយុវជនគឺជាអ្នកបន្តវេនដែលមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការចូលរួមស្វែងរកដំណោះស្រាយថ្មីក្នុងវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ននេះ ហើយយុវជនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងបណ្តាញយុវជនភូមិភាគអាស៊ីអាគ្នេយ៍ តាមរយៈឌីជីថលឱ្យមានការផ្លាស់ប្តូរព័ត៌មាន ចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការអនុវត្តការងារមនុស្សធម៌។

២. អង្គប្រជុំបានពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍រាជធានីបង់ដាស៊េរីបេហ្កាវ៉ាន់ ឆ្នាំ២០២២ ដែលសមាគមជាតិនីមួយៗបានយកទៅអនុវត្ត ថាតើសម្រេចបានលទ្ធផលអ្វីខ្លះ អ្វីដែលបាននិងកំពុងធ្វើ និងអ្វីដែលជាបញ្ហាប្រឈម ជាពិសេសបានធ្វើការវាយតម្លៃទៅលើសារសំខាន់ និងអត្ថប្រយោជន៍នៃការជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ ព្រមទាំងជំរុញដល់ការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពរបស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនទៅតាមការងារជំនាញនីមួយៗ។

៣. អង្គប្រជុំបានពិភាក្សាផ្តោតលើការអនុវត្តធម្មនុញ្ញស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ នេះគឺជាប្រធានបទមួយដែលកាកបាទក្រហមកម្ពុជាបានដាក់ស្នើឱ្យមាននៅក្នុងកិច្ចពិភាក្សានេះ ដើម្បីបានដឹងថាអ្វីជាផែនការសម្រាប់សមាគមជាតិនីមួយៗត្រូវយកមកអនុវត្ត ហើយសមស្របទៅនឹងការងារមួយដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងធ្វើ គឺ «អព្យាក្រឹត្យកាបូន»។ ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំនៃសមាគមជាតិទាំងអស់បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគំនិតឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំឱ្យមានកម្មវិធីដាំដើមឈើកាលពីថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ ដែលនេះជាគំនិតផ្តួចផ្តើម និងបណ្ដុះឆន្ទៈដល់យុវជនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

៤. អង្គប្រជុំបានផ្តោតលើកិច្ចសហប្រតិបត្តិការនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ រវាងសមាសភាគទាំង៣របស់ចលនាអន្តរជាតិ៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) សហព័ន្ធអន្តរជាតិ និងសមាគមជាតិទាំង១១នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងកិច្ចពិភាក្សានេះ ផ្ដោតលើការពង្រឹងនិងបង្កើនសមត្ថភាពរបស់មន្ត្រីបុគ្គលិក ក៏ដូចជាការចាប់យកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តដែលជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏ផ្ដោតលើការចូលរួមរបស់សមាគមជាតិនៅក្នុងការងារអភិបាលកិច្ចរបស់សហព័ន្ធអន្តរជាតិ ដែលក្នុងចំណោមសមាគមជាតិទាំង១១ មានម្ចាស់ក្សត្រីមួយអង្គដែលជាប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ជាសមាជិកមួយរបស់ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធអន្តរជាតិ ដែលធ្វើឱ្យសមាគមជាតិនីមួយៗអាចដឹងបានអំពីការងាររួម និងទិដ្ឋភាពពិភពលោកកាន់តែល្អប្រសើរថែមទៀត។

៥. ការងារមួយទៀតស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងសហព័ន្ធអន្តរជាតិ និងអាស៊ាន ដែលអញ្ជើញដឹកនាំកិច្ចប្រជុំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមជាកិត្តិយសពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីផ្ដល់នូវសារគន្លឹះ និងនិយាយអំពីវិធីសាស្ត្រនៃការងារកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ។ វត្តមានរបស់លើលោកអគ្គលេខាធិការអាស៊ាន បានបង្ហាញពីជោគជ័យមួយរបស់កាកបាទក្រហមកម្ពុជា ក្នុងការអញ្ជើញលោកមកពិភាក្សាផ្ទាល់រួមគ្នា ព្រោះថាកាលពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៩ នៅប្រទេសព្រុយណេ ឆ្នាំ២០២២កន្លងទៅ សមាគមជាតិទាំងអស់នៅមិនទាន់អាចនិយាយបានស៊ីជម្រៅនៅឡើយទេ។ នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងបុព្វហេតុមនុស្សធម៌ ដូចសុភាសិតចែងថា «បើចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា»។ ក្នុងកិច្ចពិភាក្សានេះដែរ ក៏បានផ្តោតលើការកសាងភាពធន់បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

៦. អង្គប្រជុំបានផ្តោតលើការងារទេសន្តរប្រវេសន៍ និងចំណាកស្រុកនៅប្រទេសមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការងារមនុស្សធម៌សមាគមជាតិទាំង១១ គឺនៅតែបន្តខិតខំរួមគ្នាដើម្បីជួយដល់អ្នកដែលធ្វើចំណាកស្រុកទាំងនោះ។

៧. អង្គប្រជុំបានផ្ដោតលើដំណើរការមជ្ឈមណ្ឌលធនធានសម្រាប់ការងារសង្គ្រោះបឋម សង្គ្រោះសុខភាពផ្លូវចិត្ត និងផ្នែកចិត្តសាស្ត្រសង្គម ដែលមជ្ឈមណ្ឌលនេះបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់កាកបាទក្រហមសិង្ហបុរី ធ្វើជាទីកន្លែងសម្រាប់ទុកដាក់ឯកសារ និងបណ្តុះបណ្តាលមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

៨. អង្គប្រជុំបានពិភាក្សាលើការងារបណ្ដាញទាំង៦ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ រួមមាន៖ បណ្តាញស្តីពីកិច្ចគាំពារ យេនឌ័រ និងបរិយាបន្ន, សុវត្ថិភាព និងភាពធន់សហគមន៍, ចំណាកស្រុក, ការរកមូលនិធិ, យុវជន និងការងារអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងការងារនេះ មានការងារមួយចំនួនដែលជាឧបសគ្គ ដោយតម្រូវឱ្យសមាគមជាតិទាំងអស់មានការគិតគូរឡើងវិញចំពោះការដកចេញបណ្ដាញមួយចំនួន ដើម្បីឱ្យបានសមស្របទៅតាមសភាពការណ៍ថ្មី ហើយនឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាជំរុញឱ្យមានការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសមាគមជាតិនីមួយៗត្រូវជ្រើសរើសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តជាស្ត្រីឱ្យបានយ៉ាងតិច៥០%។

៩. អង្គប្រជុំបានពិនិត្យរបាយការណ៍បញ្ចប់ស្តីពីការអនុវត្តសេចក្តីប្រកាសទីក្រុងម៉ានីល ឆ្នាំ២០១៨ និងវឌ្ឍនភាពក្នុងការរៀបចំសន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

១០. ដោយឡែក នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិច្ចប្រជុំជាមួយលោក កៅ គឺបហួន អគ្គលេខាធិការអាស៊ាន មុនពិធីបិទកិច្ចប្រជុំជាផ្លូវការនោះ លោកបានគូសបញ្ជាក់ថា មានបញ្ហាប្រឈមមួយចំនួនក្នុងតំបន់ ប៉ុន្តែយើងមានកម្លាំងរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ទន្ទឹមនឹងនោះ លោកបានស្វាគមន៍ និងគាំទ្រចំពោះយន្តការដែលឱ្យមានការពិភាក្សា ពិគ្រោះយោបល់គ្នាជារៀងរាល់ឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងអាស៊ានផងដែរ។

១១. បន្ទាប់ពីដំណើរការកិច្ចប្រជុំអស់រយៈពេល២ថ្ងៃ ទទួលបានលទ្ធផលផ្លែផ្កា ដោយថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង១១ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញរួចមក នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្របានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំជាផ្លូវការ និងពិធីលៀងសាយភោជន៍ដើម្បីអបអរសាទរសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ។

ជាសេចក្តីសន្និដ្ឋាន ថ្នាក់ដឹកនាំនៃសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះជុំទី៣ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់យកធ្វើជាបទពិសោធន៍ និងទុកជាការរៀនសូត្រពីកាកបាទក្រហមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ និងវេទិកាយុវជនប្រចាំឆ្នាំ។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាបាននិងកំពុងធ្វើបច្ចុប្បន្នភាពនូវផែនការសកម្មភាពរបស់ខ្លួនទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕