(បន្ទាយមានជ័យ)៖ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវចុះអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ និងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាឱ្យមានគ្រោះថ្នាក់កម្រិតទាបបំផុត នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមបើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកបើកបរ យានយន្តគ្រប់ប្រភេទ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ទាំងឡាយដែលកើតចេញពីការធ្វើចរាចរណ៍ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

យុទ្ធនាការនេះធ្វើទូទាំងខេត្តបន្ទាយមានជ័យគ្រប់អធិការដ្នាននគរបាលក្រុង-ស្រុកទាំង៩ ដោយឡែកការិយាល័យជំនាញចុះបើកនៅភ្លើងស្តុបចំនួន២ ស្តុបទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង ស្ទប់៥៣A ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា ការរឹតបន្ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងដើម្បីជាការដាស់ស្មារតីឱ្យប្រជាពលរដ្ឋភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន មិនប្រមាថ។

លោកស្នងការរង បានបញ្ជាក់ថា ការណែនាំនេះនគរបាលចរាចរណ៍ផ្លូវគោកនឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្លាំងក្លាជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។

លោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ ដើម្បីចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព៕