(ភ្នំពេញ)៖ បុរសអ្នកលក់ចង្រិតបំពងម្នាក់មានអារៈមិនស្រួលខ្លួនបណ្ដាលមកពីជំងឺសសៃសន្លាក់ជើង និងជង្គង់ ហើយបានទៅពិនិត្យពិគ្រោះ និងព្យាបាលនៅគ្លីនិក «ជា សុវណ្ណដា» ខណៈនោះគ្រូពេទ្យបានផ្សំថ្នាំឱ្យលេប។

ប៉ុន្តែនៅតែពុំបានធូរស្រាលសោះ ទើបប្រពន្ធទៅតាមគ្រូពេទ្យឱ្យទៅពិនិត្យជាលើកទី២ ដល់ផ្ទះតែម្ដង ពេលនោះគ្រូពេទ្យបានដាក់សេរ៉ូមឱ្យក៏នៅតែមិនធូរ ក្រោយគ្រូពេទ្យចាកចេញទៅជំងឺរឹតតែធ្ងន់ទៅៗ ទើបស្រ្តីជាប្រពន្ធ និងបងប្អូនបានដឹកប្ដីតាមរថយន្តផ្ទាល់ខ្លួនទៅកាន់គ្លីនិកមួយផ្សេងទៀតដើម្បីសង្រ្គោះ។

ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា បុរសនោះស្លាប់បាត់ទៅហើយ ទើបដឹកសពទៅកាន់វត្តជម្ពូវ័ន និងប្ដឹងនគរបាលឲ្យឃាត់ខ្លួនគ្រូពេទ្យម្នាក់ ដែលជាអ្នកព្យាបាលទៅធ្វើការសាកសួរ ព្រោះសង្ស័យថាបុរសខាងលើស្លាប់ដោយសារប្រតិកម្មថ្នាំ និងសេរ៉ូម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលស្លាប់ខាងលើឈ្មោះ វ៉ា ចាន់ណាក់ អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រិតបំពង មានប្រពន្ធឈ្មោះ កែវ ផល អាយុ៣៧ឆ្នាំ មុខរបរលក់ចង្រិតបំពង មានទីលំនៅភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិអង្គ។ ដោយឡែកគ្រូពេទ្យដែលត្រូវនគរបាលឃាត់ខ្លួនសួរនាំឈ្មោះ ជា សុវណ្ណដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើនោះដែរ។

ស្រ្តីជាប្រពន្ធបានប្រាប់នគរបាលថា ប្តីរបស់គាត់ឈឺជើង និងជង្គង់ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុ ក៏បានទៅពិនិត្យ និងពិគ្រោះព្យសបាលនៅគ្លីនិក «ជា សុវណ្ណដា» ដែលស្ថិតនៅក្នុងភូមិជាមួយគ្នានោះដែរ ពេលនោះគ្រូពេទ្យបានផ្សំថ្នាំឱ្យលេប ប៉ុន្តែក្រោយត្រឡប់ដល់ផ្ទះលេបថ្នាំរួចនៅតែមិនធូរសោះ ទើបគាត់ទៅតាមហៅគ្រូពេទ្យឱ្យមកពិនិត្យដល់ផ្ទះម្ដងទៀត។ ខណៈនោះគ្រូពេទ្យបានដាក់សេរ៉ូម១ដបតូចរួចបានចាកចេញទៅបាត់ ប៉ុន្តែមុនចាកចេញទៅបានទុកសេរ៉ូម ១ប្លោកធំទៀតនៅ និងគាត់ដោយ គ្រូពេទ្យឈ្មោះជា សុវណ្ណដា នោះបានប្រាប់គាត់ថា «ពេលអស់ដបតូច ចាំដាក់អាធំបន្តទៀតផង»។

ស្រ្តីជាប្រពន្ធ បានឱ្យថា លុះក្រោយអស់សេរ៉ូមដបតូចប្ដីគាត់មានអាការៈខ្សោយទៅៗមិនបានធូរស្បើយ ឬមានកម្លាំងកំហែងបន្តិចសោះ ហើយគាត់ក៏បានដាក់សេរ៉ូមប្លោកធំបន្តទៀតទៅតាមអ្វីដែលគ្រូពេទ្យនោះណែនាំ។ លុះក្រោយពេលដាក់សេរ៉ូមប្លោកទី២ បានបន្តិចប្ដីគាត់មានអាការៈកាន់តែមិនស្រួលទៅៗថែមទៀត ទើបគាត់ប្រាប់បងប្អូនឱ្យបានដឹង ហើយក៏នាំគ្នាដឹកប្ដីតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់គ្លីនិក «មាតាអូរដឹម» ដើម្បីសង្រ្គោះ។ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ប្ដីគាត់ស្លាប់បាត់ទៅហើយទើបដឹកសពត្រឡប់ទៅកាន់វត្តជម្ពូវ័នវិញ រួចប្តឹងនគរបាលឱ្យជួយអន្តរាគមន៍តែម្ដង។

នគរបាលបាននិយាយថា ក្រោយទទួលបានបណ្ដឹងពីស្រ្តីជាប្រពន្ធរបស់បុរសខាងលើនោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីតាំងគ្លីនិកគ្លីនិក «ជា សុវណ្ណដា» ហើយបានឃាត់ខ្លួនគ្រូពេទ្យ ជា សុវណ្ណដា នាំទៅសាកសួរព្រោះសង្ស័យសង្ស័យថាព្យាលបង្កឱ្យមនុស្សស្លាប់។ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យដើម្បីស្វែងរកមូលហេតុពិតប្រាកដ៕