(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានអះអាងថា សមាជិក សមាជិកា និងថ្នាក់ដឹកនាំនៃវេទិកាសន្តិភាពទាំងអស់ សូមប្តេជ្ញាការពារសន្តិភាព ជាកាតព្វកិច្ចទោះក្នុងតម្លៃណាក៏ដោយ និងខិតខំផ្សព្វផ្សាយឱ្យយុវជន ប្រជាពលរដ្ឋគ្រប់ស្រទាប់បានយល់ដឹងពី ប្រវត្តិកសាងសន្តិភាព និងគុណតម្លៃសន្តិភាពគ្រប់ៗគ្នា។

ការអះអាងបែបនេះ របស់លោក សួន សេរីរដ្ឋា បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ កញ្ញា ២០២៣ ក្នុងឱកាសលោកបានចូលរួមបិទវគ្គសិក្ខាកាមសិក្សាវគ្គរដ្ឋបាលសាធារណៈ ដែលជាសមាជិកថ្នាក់ដឹកនាំវេទិកាសន្តិភាព មកពីតាមបណ្តាខេត្ត ពិធីនេះបានធ្វើឡើងនៅស្នាក់ការកណ្តាល វេទិការសន្តិភាពកម្ពុជា។

វគ្គរដ្ឋបាលសាធារណៈនេះបង្រៀនដោយលោក រ៉ា ណារិទ្ធ អនុប្រធានប្រចាំការនៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល ស.ស.យ.ក ក្រោមកិច្ចជួយឧបត្ថម្ភគាំទ្រពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

នាឱកាសនោះដែរ លោក សួន សេរីរដ្ឋា បានថ្លែងថា ថ្នាក់ដឹកនាំ និងសមាជិកនៃ វេទិកាសន្តិភាពកម្ពុជាទាំងអស់សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែជួយឧបត្ថម្ភដល់សកម្មភាពវេទិកាសន្តិភាពកម្ពុជា តាមរយៈលោក ហ៊ុន ម៉ានី ជារៀងរហូតមក៕