(ភ្នំពេញ)៖ ក្នុងសុន្ទរកថាថ្លែងនៅមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អំពីភាពចាស់ទុំខាងនយោបាយនៅក្នុងប្រទេសកម្ពុជា និងភាពភ្លៀវក្លារបស់ប្រជាជនកម្ពុជាក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេចដែរថា ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។
ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់អគ្គលេខាធិការ ចំពោះរដ្ឋសមាជិកដើម្បីអនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលទើបបានប្រកាសជារបៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ៕