(ញូវយ៉ក, អាមេរិក)៖ ពីលើវេទិការបស់អង្គការសហប្រជាជាតិ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីកង្វល់អំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយនាពេលបច្ចុប្បន្ន ដែលជាការរាំងស្ទះដល់គោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។
ក្នុងសន្ទករថានាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចយ៉ាងដូច្នេះ «ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ»។
ក្តីកង្វល់រួមដែលសម្តេចធិបតី បានគូសបញ្ជាក់នៅចំពោះមុខអង្គការសហប្រជាជាតិ គឺការវិវឌ្ឍន៍កាន់តែដុនដាមនៃសង្គ្រាម នៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។
ស្របទៅនឹងមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា», សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចបានប្ដេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមឆ្ពោះទៅគោលដៅអភិវឌ្ឍន៍។
ក្រៅពីការក្តីកង្វល់ពាក់ព័ន្ធនឹងការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់ទេនោះ ពិភពលោកនឹងជួបប្រទះការកើនឡើង នៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។
ឆ្លើយតបនឹងកង្វល់ទាំងឡាយដែលបានគូសរំលេចខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥលូវនេះជាវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តផ្នែកសន្ដិសុខជាយុទ្ធសាស្ដ្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្ដរជាតិ រួមទាំងគោលដៅដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕