(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយប្រតិភូរួមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហម ចែកដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នៅស្រុកស្វាជ្រំ និងស្រុកស្វាយទៀប ខេត្តស្វាយរៀង ចំនួន២៣៦គ្រួសារ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរសាកសួរទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាកជិត ឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

សម្តេចក៏បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យកការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ។ ជាពិសេស ត្រូវបង្កើនការផលិតផលផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរ ត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង២៣៦គ្រួសារ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៦ដប, កន្ទេលជរ័បត់១, ឃីត ១កញ្ចប់ (មុង សារុង ភួយ និងក្រម៉ា) និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល ៕