(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវកាយរំដោះទឹកនៅតាមប្រព័ន្ធលូផ្សេងៗឱ្យបានធំទូលាយ ដើម្បីបញ្ជៀសហានីភ័យឱ្យបានទាន់សភាពការណ៍។

លោក គន់ គីម ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ រដ្ឋបាលស្រុកត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជន់លិចហេដ្ឋារចនាសម្ពន្ធផ្សេងទៀត ដើម្បីត្រៀមលក្ខណៈក្នុងការផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតាមដាននូវស្ថានភាពទឹកជំនន់នេះឲ្យបានជាប្រចាំ ក៏ដូចជាធ្វើសេចក្តីជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីបានជ្រាប ក៏ដូចជាត្រៀមរំដោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពជាដើម។

លោកអនុប្រធានទី១ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រយ័ត្នចំពោះកូនចៅក្មេងតូចៗ ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋគ្រប់គេហដ្ឋានត្រូវធ្វើការបរិភោគទឹកឆ្អិន និងទឹកដែលមានសុវត្ថិភាព ដើម្បីជៀសវាងនិងកាត់បន្ថយនូវជំងឺផ្សេងៗ ជាពិសេសនៅក្នុងអំឡុងពេលទឹកជំនន់នេះ។

គួរបញ្ជាក់ថា ក្នុងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកស្ទឹងស្ទោងមានការស្រកចុះបន្តិច ហើយឃុំដែលកំពុងតែរងការលិចលង់ច្រើនជាងគេមានចំនួន៤ឃុំ គឺឃុំព្រះដំរី ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំទ្រា ក្នុងនោះប៉ះពាល់ដល់គ្រួសារ៦៦០គ្រួសារ សាលារៀនចំនួន៧សាលា ដំណាំស្រូវ៩៩០ហិកតា ស្មើ៦៦០គ្រួសារ ផ្លូវក្រួសក្រហមចំនួន១៦១៨ម៉ែត្រ និងផ្លូវដីសប្រវែង១៤៧០ម៉ែត្រ៕