(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីលៀងសាយភោជន៍ ដើម្បីអបអរសាទរនូវការសម្រេចបានសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានរៀបចំឡើងមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា។

ពិធីលៀងសាយភោជន៍នេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រយចង្វារ ដោយមានវត្តមានចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សមាជិក-សមាជិការដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី សមាជិក-សមាជិការាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិ ប្រតិភូសហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី, ថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

នាឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្ដែងនូវក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានមកចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលបានរៀបចំឡើងដើម្បីអបអរសាទរ នូវការសម្រេចបានសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ ពីថ្ងៃទី១៧ មកដល់ថ្ងៃទី២២ ខែកញ្ញានេះ ដែលជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពរឹងមាំ ស្មារតីនៃការចែករំលែក ក្តីស្រឡាញ់រាប់អាន ការជឿជាក់លើ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ដូចសុភាសិតចែងថា «បើចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញពីទីជិតឆ្ងាយ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នាក់នៅទីនេះរយៈពេលខ្លី តែមានផាសុកភាព មានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ពោរពេញដោយការចងចាំ។

សូមជម្រាបថា នាពិធីលៀងសាយភោជន៍នោះ ក៏មានទស្សនីយភាពនៃការសម្តែងសិល្បៈវប្បធម៌ចម្រុះ របស់ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ៕