(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់ចែកចាយផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដោយសារមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដល់អ្នកប្រើប្រាស់។

ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ញិកាផលិតផល និងបំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេក្រសួងសុខាភិបាលនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន៕