(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចាត់តាំងលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ជាអ្នកនាំពាក្យក្រសួង។ នៅនីតិកាលទី៦ លោក ហ៊ាង សុទ្ធាយុត្តិ ក៏ជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

អ្នកនាំពាក្យមានតួនាទី និងភារកិច្ច ទំនាក់ទំនង និងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញទំនាក់ទំនងសង្គម និង បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។

ស្រាវជ្រាវ ប្រមូល និងចងក្រងឯកសារពាក់ព័ន្ធពីគ្រប់អង្គភាពចំណុះក្រសួង ដើម្បីទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការឆ្លើយតបទៅកាន់សាធារណជន និងបណ្តាញ សារព័ត៌មាន។ តាមដាន វិភាគ វាយតម្លៃព័ត៌មាន ដើម្បីឆ្លើយតប និងស្នើកែតម្រូវចំពោះព័ត៌មានក្លែងក្លាយ ឬ មិនត្រឹមត្រូវ ឱ្យបានទាន់ពេលវេលា។

អ្នកនាំពាក្យ មានតួនាទីសហការរៀបចំសន្និសីទសារព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ ឬយន្តការផ្សព្វផ្សាយសមស្របណាមួយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព អនុវត្តនូវតួនាទី និងភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីថ្នាក់ដឹកនាំក្រសួង៕