(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកស្រីមហាអគ្គសទ្ធាសរណៈមណីរត៍ ឈន សាខន (ឆេង ងីម) និងលោកស្រី ម៉េង វ៉ាន់ដានីន ឧត្តមភរិយា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វារវត្តព្រៃឧត្តមទួលដូនស្អាត (ហៅវត្តព្រៃខ្វែក) ស្ថិតនៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។

ឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា ប្រមុខរាជតដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីប្រទេសជាតិ បន្តការអភិវឌ្ឍន៍ រីកចម្រើន សុខក្សេមក្សាម ជានិរន្ត។

ដោយសទ្ធាជ្រះថ្លា គណៈអធិបតីទាំង៣រូប បំពាក់គ្រឿងឥស្សរិយស និងប្រគេនបច្ច័យមួយចំនួន ដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីកសាងអភិវឌ្ឍវត្តបន្ថែមទៀត និងផ្តល់ជូនលិខិតសរសើរដល់សប្បុរសជនចូលរួមកសាងទីអារាមមួយនេះ ព្រមទាំងចែកជូនថវិកា ក្រណាត់ស សម្ភារៈសិក្សា ដល់អ្នកដែលបានចូលរួមផងដែរ សរុបចំណាយប្រមាណ ២១លានរៀល៕