(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានជំរុញឱ្យមានការពង្រឹងយន្តការដោះស្រាយរួម និងបង្កើនសកម្មភាពមនុស្សធម៌នៅភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីកសាងសមត្ថភាពសហគមន៍ឱ្យមានភាពធន់ទៅនឹងគ្រោះមហន្តរាយ។

ការជំរុញបែបនេះរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធ្វើឡើងក្នុងឱកាសបិទកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការសមាគមជាតិអាស៊ីអាគ្នេយ៍ ប្រធានប្រតិភូសហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំទីក្រុងបាងកក ថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ស្ថាប័ន អាយ.ស៊ី.អរ.ស៊ី។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់សមាគមជាតិនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលជាសក្ខីកម្មនៃការទទួលយកនូវបណ្តាការងារដែលមានដំណោះស្រាយថ្មី ក្នុងការខិតខំប្រឹងប្រែងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដើម្បីទទួលបាននូវផលវិជ្ជមានកាន់តែធំជាងមុន និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលបច្ចុប្បន្ននេះកើតមានកាន់តែញឹកញយជាងមុន និងមានភាពធ្ងន់ធ្ងរខ្លាំងជាងមុន និងរួមគ្នាកសាងសហគមន៍ និងសង្គមឱ្យមានភាពធន់ និងប្រកបដោយបរិយាប័ន្ន។

ស​ម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានគាំទ្រចំពោះការដាក់បញ្ចូលសេចក្តីថ្លែងការណ៍វេទិកាយុវជនឱ្យទៅជាផ្នែកមួយដ៏សំខាន់នៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលនេះគឺជាការគូសបញ្ជាក់នូវការពង្រឹងតួនាទីស្នូលរបស់យុវជន ការបណ្តុះថ្នាលឌីជីថលសម្រាប់យុវជនចូលរួមលើកស្ទួយការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងជាការកសាងនិងពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំ ពង្រីកចំណេះដឹង និងការយល់ដឹងថ្មីៗបន្ថែមទៀតពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ បរិស្ថាន បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះកិច្ចប្រជុំដែលបានគូសបញ្ជាក់ពីសារៈសំខាន់ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូន តាមរយៈផែនការអភិវឌ្ឍបៃតងដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាពកាន់តែល្អប្រសើរឡើងសម្រាប់មនុស្សជាតិ ការលើកកម្ពស់ការជួបការពិគ្រោះយោបល់ដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពង្រឹងបានថែមទៀតនូវកម្លាំងសាមគ្គីភាពរឹងមាំ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូនៅក្នុងចលនា និងនៅក្រៅចលនា ជាពិសេសជាមួយនឹងអគ្គលេខាធិការដ្ឋានអាស៊ាន យន្តការនានារបស់អាស៊ាននិងរបស់រដ្ឋាភិបាល វិស័យឯកជន រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានក៏ជឿជាក់ដែរថា កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា នឹងចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមក្នុងការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំ ទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ។

ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានចូលរួមអបអរសាទរកាកបាទក្រហមឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជាប្រធានបន្តវេនកិច្ចប្រជុំលើកទី២១ និងវេទិកាយុវជនលើកទី៣ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៤, និងសូមអបអរសាទរ និងជូនពរសមាគមជាតិកាកបាទក្រហមវៀតណាមក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ីប៉ាស៊ីហ្វិកលើកទី១១ ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ «ការត្រៀមខ្លួនរួចជាស្រេចមុនពេលមានគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ីប៉ាស៊ិហ្វិក»