(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមឆ្លើយតបសំណួរដែលចង់បានការបំភ្លឺថា ខ្លួនទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ បានរយៈពេល១៥ថ្ងៃ ហើយក៏សុំលាលែងវិញ តើការតែងតាំង និងការលាលែង មិនលើស៣០ថ្ងៃដូចនេះ មានកាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ ឬទេ?

ACU សូមបំភ្លឺចំពោះមន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ទោះមានប្រាក់បៀវត្សក្តី អត់មានប្រាក់បៀវត្សក្តី មានឋានៈ ឬមិនមានឋានៈក្តី គឺមាត្រា១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានកំណត់ឱ្យមន្ត្រីរាជការស៊ីវិល យោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនឱ្យលើសពី ៣០ថ្ងៃ បន្ទាប់ពីទទួលបាន «ការតែងតាំង» ហើយក្នុង «ករណីលាលែង» វិញ ក៏ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ ក្រោយមានព្រះរាជក្រឹត្យ ឬអនុក្រឹត្យ បញ្ចប់ភារកិច្ច។

សម្រាប់ការលាលែងក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ អ.ប.ព. យល់ឃើញថាឱ្យប្រកាសមួយលើកជាការស្រេច ដោយចាត់ទុកជាការប្រកាសលើកទី១ និងចុងក្រោយ មិនតម្រូវឱ្យប្រកាសតាមរបប០២ឆ្នាំទេ៕