(វៀតណាម)៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍ និងឌីជីថល។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍ និងឌីជីថលម៉ាឡេស៊ី លើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពី Facebook និង Tiktok។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូរបែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ ដែលមានចេតនាទុច្ចរិតផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ឱ្យខាងតែបាន៕