(ហាណូយ)៖ វៀតណាម បានពង្រឹងការការពារ នៅតំបន់មួយចំនួន នៃកោះរបស់ខ្លួន ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ដែលមានជម្លោះ ជាមួយនឹងការចល័តដាក់ជើងទម្របាញ់គ្រាប់រ៉ូកែតថ្មី ដែលមានសមត្ថភាព វាយប្រហារវាលយន្តហោះ និងទីតាំងយោធារបស់ចិន ដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មសំខាន់ៗ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ។
ក្រុមមន្ត្រីការទូត និងយោធា បានលើកឡើងថា មន្ត្រីស៊ើបអង្កេតបានដឹងថា រដ្ឋាភិបាលទីក្រុងហាណូយ បានដឹកបញ្ជូនទម្រជើង បាញ់គ្រាប់រ៉ូកែត ចេញពីរបស់ប្រទេសរបស់ខ្លួន ទៅកាន់ទីតាំងមូលដ្ឋានចំនួន៥ នៅលើកោះ Spratly នារយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយចលនានេះ ទំនងជាបង្កើនភាពតានតឹងជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។
ជើងទម្រនេះត្រូវបានលាក់បាំងពីការឃ្លាំងមើលពីលើអាកាស ហើយមិនទាន់បំពាក់អាវុធនោះទេ ប៉ុន្តែអាចប្រតិបត្តិការ ជាមួយនឹងគ្រាប់ រ៉ូកែតបាន ក្នុងរយៈពេល២ឬ៣ថ្ងៃប៉ុណ្ណោះ។
ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា ព័ត៌មាននេះគឺជា «រឿងមិនពិត» ហើយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Nguyen Chi Vinh បាននិយាយនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាថា រដ្ឋាភិបាល ទីក្រុងហាណូយ មិនមានជើងទម្របាញ់គ្រាប់រ៉ូកែត ឬក៏អាវុធ នៅតំបន់កោះ Spratlys នោះទេ ប៉ុន្តែរក្សាសិទ្ធិក្នុងការចាត់វិធានការ ណាមួយ។ «វាគឺស្ថិតនៅក្នុងសិទ្ធិនៃច្បាប់របស់យើង ដើម្បីការពារខ្លួនចំពោះការបំលាស់ទី សព្វាវុធរបស់យើង ទៅកាន់តំបន់ណាមួយ ក្នុងអធិបតេយ្យភាពទឹកដីរបស់យើង» នេះបើតាសម្តីលោក Nguyen Chi Vinh។
សូមជម្រាបថា ប្រទេសវៀតណាម, ចិន និងតៃវ៉ាន់ បានអះអាងរៀងៗខ្លួនថា កោះ Spratlys ទាំងអស់ គឺជារបស់ខ្លួន ខណៈហ្វីលីពីន, ម៉ាឡេស៊ី និងប្រ៊ុយណេ បានអះអាងថា មានផ្នែកមួយចំនួន ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន៕