(ភ្នំពេញ)៖ អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា និងសាលា AITC មកពីប្រទេសអូស្ត្រាលី បានរួមគ្នាជួយកសាងផ្ទះមួយខ្នងជូនគ្រួសារលោក ឈឹម សុវណ្ណារ៉ា និងប្រពន្ធឈ្មោះ ឡាង សុខចិន ដែលបានផ្លាស់ទីលំនៅពីតំបន់ឧទ្យានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ទីក្រុងថ្មីរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការប្រគល់ផ្ទះជូនគ្រួសារពលរដ្ឋខាងលើ ធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី រឿន គីណា អភិបាលរងស្រុក តំណាងលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី លោក ស៊ិន ពិសី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា លោក មឿន មិត្រ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកស្រី ឈួន អ៊ឹម មេឃុំរុនតាឯក លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាលអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា និងមានការចូលរួមពីសំណាក់ម្ចាស់ជំនួយជាតិនិងអន្តរជាតិ សមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា។

លោក សូត្រ សួរ បានលើកឡើងថា អំណោយផ្ទះ១ខ្នងនេះ គឺពិតជាមានសារៈសំខាន់ និងមានមានអត្ថន័យខ្លាំងណាស់ ព្រោះបានផ្តល់នូវទីជម្រកមួយដ៏សែនកក់ក្តៅសម្រាប់ក្រុមគ្រួសារមួយនេះ ដែលមានកូនក្នុងបន្ទុកចំនួន៧នាក់ ហើយព្រមទាំងបានបង្ហាញនូវទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយមកពីប្រទេសអូស្ត្រាលី បានបរិច្ចាគទាំងថវិកា ពេលវេលា និងកម្លាំងផ្ទាល់ខ្លួនដោយធ្វើដំណើរឆ្លងកាត់ពីនាយសមុទ្រ ដើម្បីមកជួយសាងសង់ផ្ទះនេះដោយផ្ទាល់ដៃ និងមិនគិតពីការនឿយហត់។

លោកបានបន្ថែមទៀតថា ផ្ទះនេះត្រូវបានសាងសង់ឡើងតាមរចនាបទផ្ទះខ្មែរ ធ្វើអំពីឈើ (ប្រើប្រភេទឈើមិនជ្រាបទឹក) ប្រក់ស័ង្កសី មានទទឹង៥ ម៉ែត្រ បណ្តោយ៩ម៉ែត្រ ដោយមានបំពាក់បន្ថែមនូវប្រព័ន្ធភ្លើង ស៊ីទែនទឹក ប្រព័ន្ធទឹក និងបន្ទប់ទឹក១ ព្រមទាំងផ្តល់ជូននូវសម្ភារៈផ្ទះបាយ សម្ភារៈក្នុងបន្ទប់គេង និងគ្រឿងបរិក្ខារមួយចំនួនទៀតផងដែរ ដើម្បីធានាការរស់នៅប្រចាំថ្ងៃប្រកបដោយភាពសុខដុមរម្យនា។ ការសាងសង់ផ្ទះ១ខ្នងនេះបានចំណាយថវិកាជំនួយសរុបអស់ចំនួន១០,០០០ដុល្លារអាមេរិក។

លោក សូត្រ សួរ បានអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានទាំងអស់ផងដែរ ដែលបានជួយសម្របសម្រួលផ្តល់ដីសាងសង់ផ្ទះ និងអាស្រ័យផល ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ពន្ធ មានផ្លូវ ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន មន្ទីរពេទ្យជាដើម ហើយបានជួយធ្វើឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យជាស្ថាពរ។

លោកក៏បានអរគុណចំពោះក្រុមហ៊ុន Protect តំណាងដោយលោក Adrian និងក្រុមហ៊ុន MEGT តំណាងដោយអ្នកស្រី Tracey ក្រុមការងារសាលា AITC សមាជិកក្រុមប្រឹក្សាភិបាល លោក Ron Carter នាយកប្រតិបត្តិគណៈគ្រប់គ្រង បុគ្គលិក និងក្រុមការងារនៃអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជាទាំងអស់ ដែលបានជួយជ្រោមជ្រែងធ្វើឱ្យគម្រោងនេះសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ៕