(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើទៅភ្ញៀវបរទេសជាមិត្តដែលមានវត្តមាននៅកម្ពុជា សូមពាំនាំ និងជួយផ្សព្វផ្សាយពីអ្វីដែលកម្ពុជា កំពុងមាននោះគឺកត្តា សុខសន្តិភាព ស្ថិរភាពនយោយា សណ្ឋាប់ធ្នាប់ របៀបរៀបរយ ទៅកាន់ពិភពលោក និងសូមកុំបង្អាប់នូវអ្វីដែលកម្ពុជាមាន ដើម្បីផ្តល់ភាពយុត្តិធម៌ជូនកម្ពុជា ខណៈថ្មីៗនេះមានការផ្សព្វផ្សាយនូវព័ត៌មានមិនពិត មួយចំនួនដោយវាយតម្លៃខុសពីស្ថានភាពរបស់កម្ពុជា។

ការស្នើបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមួយចំនួនថាប្រទេសកម្ពុជា ជាជម្រករបស់ក្រុមឧក្រិដ្ឋជន ឆបោកតាមអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្សជាដើម។

ក្នុងឱកាសអញ្ជើញបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានស្នើយ៉ាងដូច្នេះថា៖ «ភ្ញៀវអន្តរជាតិ សិក្ខាកាមយោធាដែលបានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺននេះ ក៏បានជ្រាប និងឃើញពីទិដ្ឋភាពពិត ជាក់ស្តែងរបស់ប្រទេសកម្ពុជាយើងហើយ ថាសុខសន្តិភាព កម្ពុជាមានពិតមែន ហើយការបង្ហាញពីការអសកម្មថា និងអសន្តិសុខនៅក្នុងប្រទេសកម្ពុជានោះ គឺគ្មានទេ។ នៅប្រទេសមួយចំនួនយើងឃើញថាមានចំណុចខ្វះខាត អវិជ្ជមានការជួញដូរគ្រឿងញៀន ចាប់ជំរិត ការជួញដូរមនុស្ស។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីកម្ចាត់នូវបញ្ហានេះ»

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានជម្រាបទៅកាន់ភ្ញៀវបរទេស ព្រមទាំងសិក្ខាកាមយោធាចំនួន១៣ប្រទេស ដែលមកពីទ្វីបចំនួន៤ថា «កម្ពុជាជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព សណ្ឋាប់ធ្នាប់ របៀបរបបរៀបរយ ដែលផ្ទុយស្រឡះពីការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនដែលបានចោទប្រកាន់ប្រទេសកម្ពុជា អសន្តិសុខជាដើម»

«កម្ពុជា នៅតែរក្សាសុខសន្តិភាព សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយសូមបញ្ជាក់ថា កម្ពុជាមិនចង់បានប្រវត្តិសាស្ត្រត្រឡប់មកវិញ គឺយើងមានការស្អប់ខ្ពើមភ្លើងសង្គ្រាម ដែលបានកើតឡើងនៅប្រទេសកម្ពុជា ហើយក៏មិនចង់ឱ្យមានការវិលត្រឡប់ឡើងវិញនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីថ្មី គឺប្តេជ្ញារក្សានូវសុខសន្តិភាព ឱ្យបានគង់វង្សជារៀងដរាប»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា សម្រាប់បញ្ហាមួយចំនួនដែលប្រទេសនានានៅលើពិភពលោកកំពុងជួបប្រទះដូចពេលបច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជា ក៏បាននឹងកំពុងខិតខំដោះស្រាយ និងបង្ក្រាបបទល្មើសទាំងនោះជាច្រើនករណីជាដើម៕

style="text-align: center;">