(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ ពិសេសអស់លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំងអស់ ដែលជាម្ចាស់ថវិកាម្ចាស់គម្រោង ត្រូវតែពង្រឹងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តតួនាទីភារកិច្ចក្នុងភាពជាម្ចាស់ ស្វ័យភាព ប្រកបដោយការទទួលខុសត្រូវដោយផ្អែកលើគោលការណ៍អភិបាលកិច្ច តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ នីតិវិធី និងបទដ្ឋានបច្ចេកទេស ដែលបានណែនាំសម្រាប់ការ អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងកិច្ចសន្យា ។

លោក រស់ ផារិទ្ធ បានលើកឡើងយ៉ាងដូចនេះ ខណៈដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ និងការពង្រឹងសមត្ថភាពក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់របស់រដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក រស់ ផារិទ្ធ បានបន្តថា កិច្ចប្រជុំថ្ងៃនេះគឺមានគោលបំណងធ្វើការផ្សព្វផ្សាយអំពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របតាមគោលការណ៍ នីតិវិធី និងបទដ្ឋានបច្ចេកទេស ដែលបានណែនាំសម្រាប់ការ អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនផងដែរថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានបាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកំណែទម្រង់នានា រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រួមនឹងកំណែទម្រង់វិស័យនានាជាច្រើនទៀត។ តាមរយៈកម្មវិធីកំណែទម្រង់នេះ ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ពិសេស ក្រសួងមហាផ្ទៃ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានខិតខំសម្របសម្រួលដឹកនាំជំរុញការផ្ទេរមុខងារជាបន្តបន្ទាប់មកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា បើទោះបីក្នុងរយៈពេលកន្លងមក ប្រទេសកម្ពុជាយើងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩ និងទទួលរងការជះឥទ្ធិពលផ្សេងៗក្នុងបរិការណ៍ ដែលពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំប្រឹងប្រែងធ្វើការវិភាជន៍នូវធនធានថវិកាមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ មានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែង សម្រាប់ខេត្តស្វាយរៀង ឆ្នាំ២០២៤ខាងមុខនេះ ការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ មានការកើនឡើង ដែលយើងអាចគណនាបានថាគិតជាមធ្យមក្នុង១ឃុំ សង្កាត់ ទទួលបានមូលនិធិផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានប្រមាណជា ៨០.០០០ដុល្លារ ។ ជាមួយនេះ ចំពោះកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ ក៏ត្រូវតែធ្វើឱ្យបានត្រឹមត្រូវផងដែរស្របតាមបែបបទ នីតិវិធី និងមានលក្ខណៈប្រកួតប្រជែងជាសាធារណៈ មានតម្លាភាព ចៀសវាងមានភាពមិនប្រក្រតីណាមួយកើតឡើងឱ្យសោះ។

លោកបានបន្តថា ចំពោះការអនុវត្តគម្រោង ក៏ត្រូវធ្វើឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា រវាងមេឃុំ ចៅសង្កាត់។ដែលជាម្ចាស់គម្រោង ជាមួយក្រុមហ៊ុន/អ្នកទទួលការ ដោយត្រូវយកចិត្តទុកដាក់ចុះធ្វើការតាម ត្រួតពិនិត្យ ឱ្យបានជាប់ជាប្រចាំនៅក្នុងអំឡុងពេល ដែលក្រុមហ៊ុន/អ្នកទទួលការកំពុងអនុវត្ត(សាងសង់)គម្រោង ដើម្បីធានាបានទាំងបរិមាណ និងគុណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍សុំការអន្តរាគមន៍ពីមន្ត្រីគាំទ្របច្ចេកទេសខេត្ត ដើម្បីចុះទៅជួយគាំទ្រផ្នែកបច្ចេកទេស ឱ្យបានទាន់ពេលវេលា។

លោកបានសង្កត់ធ្ងន់ថា ក្នុងករណីចាំបាច់ មេឃុំ ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវចេញមុខធ្វើការបកស្រាយបំភ្លឺជូនសាធារណមតិ ក៏ដូចជាសាធារណជន អំពីចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងទិសដៅបម្រើផលប្រយោជន៍សាធារណៈ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបានបន្ថែមថា ដោយឡែកចំពោះមន្ត្រីគាំទ្របច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ប្រចាំក្រុង ស្រុក នីមួយៗ ក៏ត្រូវចុះទៅធ្វើការតាមដាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានញឹកញាប់ផងដែរ ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាមេឃុំ ចៅសង្កាត់ ដែលជាម្ចាស់ថវិកា/ម្ចាស់គម្រោង ដើម្បីធានាថាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ទាំងអស់បានត្រឹមត្រូវតាមកិច្ចសន្យា ដែលធានាបានទាំងបរិមាណ និងគុណភាព សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅមូលដ្ឋាន៕