(កោះកុង)៖ លោក មាស ប៊ុននឡី ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលផ្សព្វផ្សាយលទ្ធផល និងបទពិសោធន៍ការចាត់តាំងអនុវត្តផែនការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងប្រគល់ជូនបណ្ណសមាជិក គណបក្សប្រជាជនកម្ពុជាប្រភេទថ្មីទូទាំងឃុំ ដល់សាខាបក្សភូមិទាំង៧ ចំនួន​១,៦០២សន្លឹក។

ពិធីនេះក៏មានការចូលរួមពីលោក-លោកស្រី ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍គណបក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិទាំង៧ ជាច្រើននាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអណ្តូងទឹក។

នៅក្នុងឱកាសនោះ ​លោក មាស ប៊ុននឡី ក៏បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាសមាជិក សមាជិកានៅក្នុងឃុំបណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងផងដែរ។

លោកបានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺជាសមាសភាពថ្មីភាគច្រើន ដែលសុទ្ធសឹងតែជាបញ្ញាវ័ន្តប្រកបដោយចំណេះដឹង ថាមពល និងមានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដែលនឹងបន្តបេសកកម្មដឹកនាំនាវាកម្ពុជាឆ្ពោះទៅវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅក្រោមម្លប់នៃសុខសន្តិភាព នៅក្នុងអាណត្តិទី៧ នេះ។

លោក មាស ប៊ុននឡី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្សទាំងអស់ ដែលបានបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជានឹងបន្តនៅបម្រើប្រជាពលរដ្ឋ បន្តដោះស្រាយបញ្ហាប្រឈមនានាដែលមូលដ្ឋានបាននិងកំពុងជួបប្រទះ ព្រមទាំងបន្តកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមលើសពីនេះ លោក មាស ប៊ុននឡី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើនជាងគេ ជាពិសេសចំពោះសមត្ថភាព ក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី វិបុលភាព និងវឌ្ឍនភាពសង្គមក្រោមម្លប់នៃសុខសន្តិភាព៕