(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានបោសសំអាតមីន ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» លើកដំបូងនៅកម្ពុជា មានតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ការយល់គ្នា ការផ្លាស់ប្ដូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការប្រកបដោយស្មើភាព សំដៅពង្រឹងការអនុវត្ត និងការកសាងសមត្ថភាព ដោយឈរលើស្មារតី គោរពគ្នា ការទុកចិត្តគ្នាដោយភាពស្មោះត្រង់ សម្រាប់ផលប្រយោជន៍រួមដើម្បីសន្តិភាព មនុស្សធម៌ និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខ័ណ្ឌរដ្ឋមន្ត្រីមន្ត្រីការពារជាតិអាស៊ាន-បូក។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា «ការរៀបចំលំហាត់ហ្វឹកហ្វឺននេះ បានរួមចំណែកលើកកម្ពស់សមត្ថភាពការអនុវត្តជាក់ស្ដែង, ការផ្លាស់ប្ដូរបទពិសោធន៍, ការប្រើប្រាស់សម្ភារៈបច្ចេកទេសដោះមីនទំនើប, កិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពរវាងរដ្ឋសមាជិកអាស៊ាន និងប្រទេសបូក ក្នុងការដោះស្រាយសំណល់សង្គ្រាមនៅក្នុងតំបន់»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានចាត់ទុកថា លំហាត់ហ្វឹកហ្វឺននេះនឹងផ្ដល់ឱកាសដល់កងទ័ពបណ្តាប្រទេសអាស៊ាន និងប្រទេសបូក ផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលនាំមកនូវឧត្តមប្រយោជន៍ដល់បណ្តាប្រទេសអាស៊ាន រួមវិភាគទានដល់ការងារសកម្មភាពមីន មនុស្សធម៌ក្នុងតំបន់ និងពិភពលោកទៀតផង។ ការណ៍នេះកងទ័ពបណ្តាប្រទេសអាស៊ានចាំបាច់ប្រមូលផ្ដុំកិច្ច ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធនធានបន្ថែមទៀត សម្រាប់ការបោសសំអាតមីនក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូកនាពេលអនាគត។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានបោសសំអាតមីន ដែលកម្ពុជា បានរៀបចំស្របពេលដែលពិភពលោកពោរពេញទៅដោយសង្គ្រាម, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាង មហាអំណាចពិភពលោក, ការកើនឡើងភាពមិនប្រាកដប្រជា, ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងមិនប្រក្រតីនៃសន្តិសុខសកល និងបរិស្ថានសេដ្ឋកិច្ច, វិបត្តិស្បៀងអាហារ និងថាមពល បានបង្កើតឱ្យមាននូវស្ថានភាព ដ៏អាក្រក់មួយបាននឹងកំពុងបង្កការគម្រាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ដោយយល់ច្បាស់ពីបញ្ហាបន្សល់ទុកដោយសារគ្រាប់បែកមិនទាន់ផ្ទុះ គ្រាប់មីន និងកាកសំណល់ សង្គ្រាម ទើបរដ្ឋសមាជិកអាស៊ានមួយចំនួន ពិសេសរដ្ឋដែលមានការបំផ្លាញខ្លាំងដោយសារគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតមជ្ឈមណ្ឌលសកម្មភាពមីន សម្រាប់កម្ទេចចោលកាកសំណល់ដោយសារសង្គ្រាម។

យ៉ាងណាក៏ដោយឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមទៀតថា លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» រយៈពេល១០ថ្ងៃនេះ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។ លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក «ប្រជាជនជាស្នូល»

សូមគូសបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាសហប្រធាននៃក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ស្តីពីការសកម្មភាពមីនមនុស្សធម៌ ក្នុងអាណត្តិ «២០២១-២០២៣» ជាលើកដំបូង។ លំហាត់នេះ មានកងទ័ពមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូចំនួន១៤ មកពីទ្វីបទាំង៤ «អាស៊ី អឺរ៉ុប អាមេរិក អូសេអានី»

ក្នុងនោះមានប្រទេសអូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋ ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន សហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក និងសាធារណរដ្ឋសង្គមនិយម វៀតណាម ចូលរួមសរុបចំនួនប្រមាណជាង ៥០០នាក់៕