(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងជំរុញអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តរខិតខំអនុវត្ត ចុះបង្រ្កាបគ្រឿងញៀន តាមគ្រប់រូបភាពទាំងអស់ធ្វើយ៉ាងណា ដើម្បីឲ្យការងារមួយនេះទទួលបានលទ្ធផលល្អ ជាពិសេសធ្វើឲ្យខេត្តព្រៃវែងជាខេត្តមិនមានគ្រឿងញៀន និងមិនមានអ្នកប្រើប្រាស់គ្រឿងញៀន។

អភិបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង នាឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រៃវែង ដើម្បីពិនិត្យលទ្ធផលអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបញ្ហាប្រឈមនានា ក៏ដូចជាការដាក់ចេញនូវទិសដៅការងារបន្ត សំដៅអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន និងការបន្តសកម្មភាព យុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀនការពារសុខុមាលភាព និងសុវត្ថិភាពសង្គម។

លោក សួន សុម៉ាលីន ក៏បានណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយអំពីឥទ្ធិពលបញ្ហាគ្រឿងញៀន ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋ និងយុវវ័យ យល់ដឹងអំពីផលបះពាលដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោកអភិបាលខេត្ត បានបន្តថា អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធក្នុងការចុះបង្ក្រាបនូវបទល្មើសផ្សេងៗជាពិសេសបញ្ហាគ្រឿងញៀនធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពល្អ ក្នុងការបង្ក្រាប នៅបទល្មើសទាំងអស់នោះ មិនឱ្យជនដៃដល់ ក៏ដូចជាជនបង្កមានការដឹងខ្លួនមុន។

លោក សួន សុម៉ាលីន ក៏បានណែនាំឲ្យចាប់វិធានការចំនួន ៣ សំខាន់ៗ មាន៖ វិធានការផ្សព្វផ្សាយ, វិធានការរដ្ឋបាល និងវិធានការបង្ក្រាប។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានធ្វើរបាយការណ៍អំពីការអនុវត្តទួនាទីភារកិច្ចការរបស់ខ្លួនក្នុងការអនុវត្តចុះបង្រ្កាបនៅបទល្មើសផ្សេងៗក្នុងខេត្តកន្លងមក ទទួលបានលទ្ធផលល្អប្រសើរច្រើន ក្នុងនោះមានចុះបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ក្មេងគេចសាលា លួច ឆក់ និងបទល្មើសផ្សេងៗជាច្រើនទៀតផងដែរ៕