(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់សមាជិកក្រុមហ៊ុន ធ្វើអាជីវកម្ម ផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី តំណាង ក្រសួងមហាផ្ទៃ ព្រមទាំង​ សិក្ខាកាមពីក្រុមហ៊ុនចំនួន៨ សរុបប្រមាណ ២៧០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងបន្ថែមនូវការយល់ដឹងពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្តោតសំខាន់លើប្រធានបទចំនួន៣ គឺ៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទោចក្រយានយន្ត និងត្រីចក្រយានយន្ត ព្រមទាំងយន្តការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើរបាយការណ៍ជូនអង្គពិធីពីការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដែលមានគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់បងប្អូនដែលប្រកបរបបដឹកជញ្ជូន ដោយត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនអតិថិជន ប្រកបដោយក្រមសីលធម៌ និងបើកបរប្រកបដោយសុវត្ថិភាព។ ក្នុងឱកាសនោះដែរលោក ហ៉ឹម យាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំកន្លងទៅជូនអង្គពិធីផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ប៉េង ពោធិ៍នា បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាម ដែលបានចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស លើកជាសំណួរឱ្យបានផុលផុស ព្រមទាំងក្រើនរំលឹកដល់សិក្ខាកាម និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយក្រមសីលធម៌ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក សំដៅរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២១-២០៣០ និងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍»