(ប៉េកាំង)៖ ហិរញ្ញប្បទានអភិវឌ្ឍន៍ បម្រែបម្រួលអាកាសធាតុ អតុល្យភាពនៃប្រាក់ចំណូល ។ល។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ដែលកំពុងបើកធ្វើ ក្តីកង្វល់របស់"សកលខាងត្បូង(Global South)"បានក្លាយជាបញ្ហាពិភាក្សាសំខាន់ៗ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិននឹងចូលរួមក្នុងកិច្ចប្រជុំជាច្រើនលើកក្នុងអំឡុងពេល មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីការទាមទារនិងគំនិតផ្តួចផ្តើមរបស់សមាជិកធម្មជាតិនៃ"សកលខាងត្បូង"។

តើ"សកលខាងត្បូង"គឺជាអ្វី ? គឺមានន័យថា អង្គភាពរួមនៃបណ្តាប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសកំពុងធ្វើឱ្យនិយមន័យនៃ "សកលខាងត្បូង" ទៅជាឧបករណ៍នយោបាយដែលប៉ុនប៉ងច្រានចោល ប្រទេសចិនឱ្យចេញពី"សកលខាងត្បូង" ដកហូតឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន ក៏ដូចជាបំបែកបំបាក់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារផលប្រយោជន៍និងអនុត្តរភាពរបស់ប្រទេសអភិវឌ្ឍន៍។

តើវិធីចែកដាច់ពីគ្នាបែបនេះរបស់សហរដ្ឋអាមេរិក និងបស្ចឹមប្រទេសមានប្រយោជន៍ទេឬ ? កិច្ចប្រជុំកំពូល"ប្រទេស G៧៧ និងប្រទេសចិន"ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ពោលគឺ កិច្ចប្រជុំកំពូលលើកនេះបានអនុម័តលើ «សេចក្តីប្រកាសក្រុង Havana» ដែលដាក់បញ្ចូលនូវទស្សនៈនិងគំនិតផ្តួចផ្តើម ជាច្រើនរបស់ចិនដោយបានលើកឡើងថា ភាគីពាក់ព័ន្ធនានាគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ នេះគឺជាសញ្ញានៃការរួមសាមគ្គីគ្នានិងពង្រឹងសមត្ថភាពខ្លួនឯង ដែលបញ្ចេញដោយ"សកលខាងត្បូង" ហើយក៏បានបញ្ជាក់ម្តងទៀតថា ប្រទេសចិនគឺជាសមាជិកធម្មជាតិនៃ"សកលខាងត្បូង"ផងដែរ។

ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត មានបទពិសោធន៍និងដំណើរតស៊ូជាប្រវត្តិសាស្ត្រដូចគ្នា ដែលបាននិងកំពុងប្រឈមមុខនឹងបញ្ហាលំបាកនិងភារកិច្ចអភិវឌ្ឍន៍រួម ក៏ដូចជាមានមតិយោបល់និងការទាមទារ ស្រដៀងគ្នាចំពោះសណ្តាប់ធ្នាប់អន្តរជាតិនិងអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ។ នៅពេលដែលចេញផ្សាយ《របាយការណ៍ស្តីពីការកសាងសកលខាងត្បូង》កាលពីឆ្នាំ ២០០៤ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ក៏បានកំណត់យ៉ាងច្បាស់ពីការតម្កល់ទុកប្រទេសចិនជាសមាជិកនៃ"សកលខាងត្បូង"។

បច្ចុប្បន្ននេះ ទោះបីជាប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួនតែ ១,២៧៤១ ដុល្លារអាមេរិកដែលស្មើនឹង ១ ភាគ ៥ នៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ ក៏ដូចជាស្មើនឹង ១ ភាគ ៦ នៃសហរដ្ឋអាមេរិក ។ ឯប្រាក់ចំណូលសរុបរបស់ប្រជាពលរដ្ឋ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២១ បានស្ថិតនៅចំណាត់ថ្នាក់ទី ៦៨ លើទូទាំងពិភពលោកនិងសន្ទស្សន៍អភិវឌ្ឍន៍ របស់មនុស្សជាតិបានស្ថិតនៅចំណាត់ថ្នាក់ទី ៧៩ លើទូទាំងពិភពលោកដែលស្មើនឹងលេខរៀង របស់ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ ។ អាចឃើញថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ដែលត្រូវបានទទួលស្គាល់ជាទូទៅដោយបណ្តាភាគីនានា ។
រយៈពេលរាប់សិបឆ្នាំកន្លងមក ដោយមកពីលក្ខណៈពិសេស ផ្នែកនយោបាយស្តីពីភាពឯករាជ្យជាម្ចាស់ការ បេសកកម្មជាប្រវត្តិសាស្ត្រស្តីពីការអភិវឌ្ឍ និងការស្តារភាពរុងរឿងឡើងវិញ គំនិតផ្តួចផ្តើមរួមស្តីពីភាពសច្ចយុត្តិធម៌ បានជាវាបានសម្រេចថា "សកលខាងត្បូង"មិនអាចឃ្លាតពីប្រទេសចិនបានទេ។

មិនថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសឃោសនា បំប៉ោងយ៉ាងណាក៏ដោយ ក៏មិនអាចដាក់ភាគីទាំងពីរឱ្យ នៅដាច់ដោយឡែកពីគ្នានោះឡើយ ។ ពេលថ្មីៗនេះ ប្រទេសចិនបានលើកឡើង នូវទស្សនៈស្តីពីការរួមគ្នាបង្កើតសហគមន៍រួមវាសនានៃ "សកលខាងត្បូង"និងរួមគ្នាបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍរួម ។ អាចប៉ាន់ប្រមាណថា ឥទ្ធិពលនៃ"សកលខាងត្បូង" នឹងកើនឡើងជាបន្តបន្ទាប់ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន