(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទូទាំង ខេត្តកំពង់ឆ្នាំង បានបន្តថ្លែងអំណរគុណយ៉ាងខ្លាំងសារជាថ្មី ជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានឆ្លៀតពេលវេលា ចូលមកសំណេះសំណាលជាមួយពួកគេម្តងទៀត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពេល​ដែលសម្តេច​អញ្ជើញត្រឡប់មកពីខេត្តពោធិ៍សាត់វិញ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបង្ហាញថា នៅពេលមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅថ្ងៃនេះម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តល់អំណោយបន្ថែមទៀត ដែលនេះបានធ្វើឲ្យពួកយើងទាំងអស់គ្នា ពិតជាមានការរំភើបយ៉ាងខ្លាំង និងមិនអាចបំភ្លេចបាន។

អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីអំណោយដែលសម្តេចតេជោ បានបន្តឧបត្ថម្ភថែមទៀតនោះរួមមាន ទី១-សម្រាប់វិទ្យាល័យក្រុងកំពង់ឆ្នាំង ទទួលបានអាគារសិក្សា១ខ្នង ២ជាន់ មាន១២បន្ទប់ ជួសជុលអាគារចាស់២ខ្នង ១២បន្ទប់ អាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជីកស្រះមួយកន្លែងយកដីចាក់ទីលានកីឡា និងធ្វើរបងព័ទ្ធជុំវិញបរិវេណសាលា ទី២-សម្រាប់សាលាមតេយ្យទីរួមខេត្ត ទទួលបាន អាគារសិក្សា១ខ្នង ៦បន្ទប់ ចាក់សាបទីធ្លាសាលារៀន បន្ទប់១ខ្នង ៤បន្ទប់ និងតបណ្តាញទឹក ទី៣-ប្រគេនថវិកាជូនព្រះសង្ឃវត្តខេមវន្ត សម្រាប់ផ្សព្វផ្សាយព្រះធម៌ចំនួន១ មឺុនដុល្លារ ទី៤-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ទទួលបានអាគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ អាគារទីចាត់១ខ្នង ៣បន្ទប់ ធ្វើផ្លូវចូលប្រវែង៨០៨ ម៉ែត្រដោយចាក់បេតុង និងធ្វើរបងព័ទ្ធជុំវិញ១២១២ម៉ែត្រ ទី៥-សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រៃខ្មែ ទទួលបានអាគារទីចាត់ការ១ខ្នង ៣បន្ទប់ ជួសជុលអាគារសិក្សា៣ខ្នង ១៥បន្ទប់ និងបំពាក់សង្ហារឹម ក្រាលការ៉ូមេតេយ្យសិក្សា១ខ្នង ៣បន្ទប់ ធ្វើរបងព័ទ្ធជុំវិញសាលា ទី៦-វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ទទួលបានអាគារ១ខ្នង ៣ជាន់ ជីកស្រះ១កន្លែង យកដីចាក់ទីលានកីឡា និងឈូសសំអាតទីធ្លាសាលាខាងមុខ និងទី៧-ចាក់ដីលុបបំពេញស្រះ១កន្លែង។

សម្រាប់ក្រុមអាជីវករនៅផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំងនេះផងដែរ ត្រូវបានសម្តេចតេជោ ប្រកាសឲ្យលក់ដូរហូតដល់ឆ្នាំ២០៤០ទៀតផង៕