(ភ្នំពេញ)​​​​​​​​​​​​៖ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកចូលរួមសន្និបាត Global Entrepreneurship Congress (GEC) ២០២៣ ក្នុងនោះសហគ្រិនវ័យក្មេងកម្ពុជា បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយបណ្ដាញសហគ្រិនភាពសកលកម្ពុជា ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «ទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា២០២៣» ដែលនឹងប្រព្រឹត្ដឡើងចាប់ពីថ្ងៃទី១៣ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការរៀបចំទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា២០២៣ នឹងរៀបចំឡើងនៅបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ ក្រចេះ ព្រះសីហនុ និងទីក្រុងភ្នំពេញ។ ទិវាសប្ដាហ៍សហគ្រិនភាពសកល ជាទិវាដ៏ធំបំផុតរបស់សកលលោក សម្រាប់សហគ្រិន និងអ្នកច្នៃប្រឌិត។

ទិវានេះត្រូវបានរៀបចំឡើងនៅក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកាដូចៗគ្នាប្រមាណជាង១៧០ប្រទេស មានអ្នកចូលរួមសរុប១០លាននាក់ នៅក្នុងព្រឹត្តិការណ៍ជាង៣៥០០០ ក្នុងពេលដំណាលគ្នា ក្នុងរយ:ពេលមួយសប្ដាហ៍ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញ ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ៕