(ភ្នំពេញ)៖ បទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ត្រូវបានគណបក្សនយោបាយនៅកម្ពុជា យកមកប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង រហូតដល់ល្បីមួយប្រាវដូចភ្លើងចម្បើង ជាពិសេសនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣ ដោយម្ខាងៗទាញហេតុផលពីអត្ថន័យនៃបទចម្រៀងរៀងៗខ្លួន ។
តាមរយៈចម្រៀងមួយបទនេះ គណបក្សប្រឆាំងបានលេបខាយឲ្យគណបក្សកាន់អំណាច ប្រៀបប្រដូចគណបក្សនេះទៅនឹង «ពាក់អាវមិនដែលឃើញដោះ» ដោយគ្រាន់តែយកវាមកចាក់តាមក្បាលមេក្រូ នៅតាមទីសាធារណៈ និងកនែ្លងឃោសនាបោះឆ្នោតនានា រីឯគណបក្សកាន់អំណាចក៏មិននៅស្ងៀមដែរ ដោយយកបទចម្រៀងមួយបទនេះមកចាក់ដូចគ្នា តែមានការពន្យល់ថា ហេតុអ្វីបានជាត្រូវពាក់អាវដដែលៗមួយនេះ។
តាមពិតទៅបទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ត្រូវបានខែ្មរសុរិន លោក ខុង ឃុយ (ឈ្មោះដើម ម៉ានឆៃ ខុង) រស់នៅក្នុងខេត្តសុរិនរបស់ថៃ ជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យរបស់ខែ្មរ បាននិពន្ធបទនេះឡើងកាលពីមុនឆ្នាំ២០១៣ បន្ទាប់ពីលោកនឹកឃើញរឿងដើម កាលពីនៅវ័យសិក្សា លោកតែងជួបស្រ្តីម្នាក់អាយុជាង៣០ឆ្នាំ «ពាក់អាវដដែលៗ» ហើយក្រោយមកគាត់ក៏ស៊ើបសួរទៅទើបដឹងថា នារីរូបនោះមានបញ្ហា «ផែ្នកសតិបញ្ញា»។
អ្នកចម្រៀង ខុង ឃុយ មាឌធំខ្ពស់ កើតឆ្នាំរោង (អាយុ៥២ឆ្នាំ) បាននិយាយថា នាពេលមួយនោះ លោកគិតដល់ការតែងនិពន្ធបទចម្រៀងថ្មីមួយ ហើយក៏នឹកភ្នកដល់រឿងរបស់ស្រ្តីម្នាក់ ដែលពាក់អាវដដែលៗមិនដែលឃើញដូរ ពេលនោះហើយដែលលោក ត្រូវគិតរកចំណងជើងដែលទាក់ទាញ រួចក៏សម្រេចយក «ពាក់អាវមិនដែលឃើញដោះ» ជាចំណងជើងបែបន័យលេបខាយផង និងចំផង។
គ្រាន់តែជួបគ្នាបានប្រហែលជា១នាទី ខ្ញុំក៏សង្កេតឃើញរួចទៅហើយថា ខុង ឃុយ ជាបុរសម្នាក់ដែលរួសរាយ ចូលចិត្តនិយាយលេងសប្បាយៗ និងប្រើពាក្យលេបខាយ ដើម្បីកុំឲ្យអ្នកសន្ទនាជាមួយធុញទ្រាន់ ។
អ្នកចម្រៀងរូបនេះបាននិយាយថា លោកពិតជាមិនបាននឹកស្មានដល់ថា បទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ក្នុងចំណោមបទចម្រៀងជិត២០ របស់លោក ត្រូវបានគេចាប់អារម្មណ៍ និងយកវាមកចាក់ស្តាប់នាពេលបោះឆ្នោតនៅស្រុកខែ្មរ ។ លោកមិនទោមនស្សអ្វីសោះឡើយ តែវាធ្វើឲ្យលោកកាន់តែសប្បាយចិត្តទៅវិញទេ។
តាមការអងេ្កតជាទូទៅបទចម្រៀងដែលបង្កប់ន័យនយោបាយដូចជា «លាស្រីទៅច្បាំង» មានការនិយមស្តាប់បានតែមួយរយៈខ្លី ឬក៏ចំនួនអ្នកចូលចិត្ត មានកំណត់ មិនដូចបទចម្រៀងដែលបង្កប់អត្ថន័យសេ្នហាសុទ្ធៗដូចជា «ស្រលាញ់បងដល់ឆ្អឹង សូមជាតួឯកក្នុងបេះដូងបងតែម្នាក់ ឬអ្នកគ្រូក្រមុំ» ជាដើម៕
ដោយ៖ លោក ពុយ គា