(បាត់ដំបង)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានចាត់ឱ្យលោក ចន្ទ័ សុផល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១០,០០០,០០០រៀល ទៅផ្តល់ជូនលោក នាម សារឹម អាយុ ៤៣ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលទទួល រងគ្រោះដោយឆក់ភ្លើងអគ្គិសនី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ខណៈពេលកំពុងដំឡើងអង់តែនទូរទស្សន៍ ហើយបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យយោធិភូមិភាគទី ៥ (ពពី) ក្រុងបាត់ដំបង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានលើកទឹកចិត្តដល់លោកគ្រូ នាម សារឹម សូមកុំអស់សង្ឃឹមត្រូវខិតខំមើលថែព្យាបាលជំងឺបន្តទៀត ទោះបីជាពិការដៃជើងយ៉ាងណាក៏ដោយ និងសូមជូនពរដល់លោកគ្រូឆាប់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូន រួមមាន ៖ ទឹកបរិសុទ្ធឱរ៉ាល ២កេស ត្រីខ ២០កំប៉ុង ទឹកដោះគោឆៅ ២យួរ និងថវិការបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១០,០០០,០០០រៀល។ ដោយឡែកថវិកាផ្ទាល់ខ្លួនរបស់លោក ច័ន្ទ សុផល ចំនួន ២០០ដុល្លារផងដែរ៕