(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បើកកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនេះ ធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការផ្ទេរភារកិច្ចនេះធ្វើឡើង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការសម្រេចចិត្ត ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់ សេវាទាំងនេះទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

បើតាមលោករដ្ឋមន្ដ្រីក្រសួងអប់រំ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចគ្រប់គ្រងការងារនេះទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ពិតមែន ប៉ុន្ដែក្រសួងអប់រំ យុវជន និងកីឡា នៅតែទទួលខុសត្រូវខាងផ្នែកអប់រំដដែល ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្ដសហការគ្នាដើម្បីលើកកម្ពស់វិស័យអប់រំ។ លោកបន្ដថា រដ្ឋាភិបាលមិនមែនប្រគល់តែសិទ្ធិអំណាចនោះទេ ពោលធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ក៏ដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។

ជាមួយគ្នានោះ លោកអភិសន្ដិបណ្ឌិត ស សុខា ពេលថ្លែងបិទពិធីផ្សព្វផ្សាយ បានលើកឡើងថា ទោះបីជាមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទាំងនេះ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌក៏ដោយ ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា នៅតែជាស្ថាប័នដែលត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា លើគុណភាពសេវាអប់រំដែលបានផ្ទេរទាំងនេះ។

លោកបន្ដថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែមានតួនាទីសំខាន់ ក្នុងការរៀបចំគោលនយោបាយជាតិ ផែនការ យុទ្ធសាស្ត្រជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធីសិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា ការជ្រើសរើស និង ការបណ្ដុះបណ្ដាលគ្រូ ការគាំទ្របច្ចេកទេស ការតាមដានត្រួតពិនិត្យ និងវាយតម្លៃពាក់ព័ន្ធទៅនឹងមុខ ងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនប្រជាជននៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

លោកបានណែនាំថា ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួនលើលទ្ធផល នៃការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តមុខងារអប់រំដែលបានផ្ទេរឲ្យទាំងនោះ ដោយត្រូវធានាថាការអនុវត្តមុខងារទាំងនេះត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្ដង់ដាដែលបានកំណត់។

ក្នុងក្របខណ្ឌ នៃការផ្ទេរមុខងារអប់រំនេះ រដ្ឋបាល ក្រុង ស្រុក ខណ្ឌមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានផ្ទេរទាំងនោះ ដោយផ្ទាល់ រួមមានដូចជា ការរៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ការគ្រប់គ្រង បុគ្គលិកអប់រំនិងគ្រូបង្រៀន ការធានារក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អនៅ តាមសាលារៀន ការគ្រប់គ្រង ការថែទាំ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងឧបករណ៍ សម្ភារនានាពាក់ព័ន្ធនឹងសាលារៀន ការសហការ និងការកៀរគរការចូលរួមគាំទ្រពីសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យសម្រេចបានយ៉ាងហោចតាមនិយាម និងស្តង់ ដាកម្រិតអប្បបរមានៃការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឲ្យ។

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា គ.ជ.អ.ប. នឹងដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងពិនិត្យ និងវាយតម្លៃលើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំទាំងនេះ ទាំងទៅលើប្រសិទ្ធភាព នៃការគ្រប់គ្រង និងគុណភាពនៃការផ្តល់សេវាអប់រំ ដើម្បីមានវិធានការ ចាំបាច់នានា ក្នុងការគាំទ្រ ការលើកទឹកចិត្ត ការណែនាំ និងការធ្វើអន្តរាគមន៍ ដើម្បីធានាដល់ប្រសិទ្ធភាព គុណភាព និងនិរន្តរភាពនៃសេវាអប់រំ ស្របតាមគោលនយោបាយ គោលការណ៍ និងស្តង់ដាអប់រំ៕