(ភ្នំពេញ)៖ លោក គឹម សន្តិភាព ក្នុងនាមប្រជាពលរដ្ឋមួយរូប ដែលមាតុភូមិកំណើតរបស់ខ្លួន សូមសម្តែងនូវការសោកស្តាយចំពោះទង្វើរបស់លោក ហុង លីម ជាតំណាងរាស្រ្ត នៅរដ្ឋវិតូរៀ ប្រទេសអូស្រ្តាលី ដែលបានប្រើប្រាស់ពាក្យប្រមាថមកលើស្រុកកំណើតរបស់ខ្លួនថាជា «តិរច្ឆាន»។
លោក គឹម សន្តិភាព ថ្លែងពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទីដែលលោកកំពុងបំពេញបេសកកម្មការងារថា «លោកពូ ហុង លីម គួរពិចារណាឡើងវិញ នូវសម្តីរបស់ខ្លួន! ខ្ញុំយល់ថា មានតែសម្តីរបស់លោកពូទេ ដែលអាចជួសជុលបាននូវសម្តីមិនសមរម្យរបស់លោកពូនាពេលកន្លងមកនោះ ប្រសិនបើលោកពូ ចង់ស្តារកិត្តិយសខ្លួនឡើងវិញ!»។
លោកសន្តិភាព បានបន្តបញ្ជាក់ថា «ពាក្យ សូមអភ័យទោស មិនពិបាកនិយាយជាងពាក្យ តិរច្ឆាន នោះទេលោកពូ !»។
ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី មានសញ្ជាតិខ្មែរ ដែលបានហៅរបបក្នុងប្រទេសកម្ពុជា ជារបបតិរច្ឆាន ហើយ លោក ហុង លីម ក៏ត្រូវបានចាត់ទុកជា «ជនមិនត្រូវបានស្វាគមន៍» ដែលមានន័យថា នឹងមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជានោះឡើយ។
សូមជំរាបថា នៅថ្ងៃទី១០ ខែសីហានេះ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកថា ការបកស្រាយរបស់ លោក ហុង លីម តាមវិទ្យុអាស៊ីសេរី គឺជាការនិយាយបង្ខូចកិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិតជាក់ស្តែងនៅកម្ពុជា ហើយក្រសួងសង្ឃឹមថា ការលើកឡើងនេះគ្រាន់តែជា ការបញ្ចេញមតិរបស់ លោក ហុង លីម ដែលមិនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីឡើយ។
ក្រសួងការបរទេស បានអះអាងថា ការលើកឡើងរបស់ លោក ហុង លីម គឺជាការប្រមាថធ្ងន់ធ្ងរដល់ប្រជាជាតិកម្ពុជា។ លោកថា «ការប្រមាថរបស់បុគ្គល ហុង លីម ចំពោះប្រជាជាតិកម្ពុជា បានជំរុញឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំរេចចាត់ទុកបុគ្គលនេះជា «ជនមិនត្រូវបានស្វាគមន៍» (persona non grata) សម្រាប់ព្រះរាជាណាចក្រកម្ពុជា»៕