(ភ្នំពេញ)៖ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) ដែលកំពុងមានសភាពទ្រុឌទ្រោមនឹងត្រូវជួសជុលឡើងវិញ ចាប់ពីខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដោយចំណាយ​ថវិកាប្រមាណ ៣០លានដុល្លារអាមេរិក និង ប្រើរយៈពេល ២២ខែ។ ក្នុងអំឡុងពេលជួសជុលចរាចរណ៍នៅស្ពាននេះ នឹងត្រូវបិទទាំងស្រុងផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំដាក់ចេញវិធានការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់ជាមួយក្រសួងរ៉ែ និងថាមពល រួមជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា ការសម្រេចជួសជុលឡើងវិញ បានធ្វើឡើងក្រោយពីអង្គការ JICA បានសិក្សាឃើញថា ស្ពាននេះ មានសភាព​ទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងក្រោម និងមានសសរជាច្រើន ប្រេះស្រាំ មិនអាចទ្រទ្រង់ការប្រើប្រាស់បានបន្តទៀត ទើបក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សម្រេចជួលជុល​ស្ពាននេះឡើងវិញ ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «ស្ពានស្ពានជ្រោយចង្វារចាស់ត្រូវប្រើរយៈពេល២២ខែ ដើម្បីសាងសង់ស្ពាននេះឡើងវិញ ក្នុងអំឡុងពេលជួសជុលនេះ ត្រូវបិទចរាចរណ៍ទើប​អាចជួសជុលវិញបាន តែខ្ញុំប្រាប់ JICA ឲ្យធ្វើយ៉ាងណាបានឆាប់ជាង២២ខែ គឺកាន់តែល្អ»

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដដែលបានអះអាងថា នៅអំឡុងពេលស្ពាននេះជួសជុល នឹងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នេះ ក្រសួង បានសម្រេចដាក់​សាឡាងមួយ ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ ក្រៅពីនោះ ក្រសួង ក៏បានសម្រេចបង្វិលការធ្វើចរាចរណ៍ទៅតាមស្ពានព្រែកព្នៅជំនួសវិញ។

យ៉ាងណាក៏ដោយ ខណៈដែលមានការបិទចរាចរណ៍ និងជួសជុលស្ពានខាងលើនេះ ក្រសួងសាធារណការ និង សហការជាមួយអាជ្ញាធរ ដែនដីរក្សាសុខសុវត្ថិភាពជូន​ដល់ប្រជាពលរដ្ឋឲ្យ​បានល្អបំផុត​នៅពេល​កកស្ទះចរាចរណ៍ម្តងៗ។

ក្រសួងសាធារណការធ្លាប់បានបញ្ជាក់ថា ការជួសជុលស្ពានជ្រោយចង្វារចាស់នេះ នឹងចំណាយទឹកប្រាក់ប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន ហើយអនុវត្ត​គម្រោងដោយអង្គការ JICA។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបាន​បំផ្លាញក្នុងឆ្នាំ​១៩៧២ ពេលកម្ពុជាកើតសង្រ្គាម ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤៕