(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះមុខតំណែងថ្មីរបស់លោកបណ្ឌិត អ៊ាង សុផល្លែត ដោយលោកបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា ការខិតខំប្រឹងប្រែងរបស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅនឹងសកលទាំងអស់គ្នា។

លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការ រវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិក ត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ជាជំហ៊ានៗបន្តទៀត។

ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះ រួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០ម៉ឺននាក់ ផងដែរ។ លោករដ្ឋមន្ត្រី បានបន្តទៀថា ការអប់រំ និងលើកទឹកចិត្តឱ្យមានការចូលរួម នៅក្នុងយុទ្ធនាការនេះ ដោយមានគោលបំណងដាក់បញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព និក្លាយទៅជាទម្លាប់ល្អនៅក្នុងសង្គមផងដែរ។ ចំណែកអាទិភាពទី២ គឺការបង្កើតធុងសំរាមអេកូបេតុង សម្រាប់ការប្រើប្រាស់បានយូរ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីផែនការរបស់លោកប្រធានាធិបតី Macron ដើម្បីធ្វើសន្និសីទនៅទីក្រុង Nice ក្នុងឆ្នាំ២០២៥ ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។

បន្ទាប់មកទៀត លោកក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹងគម្រោងរបស់បារាំង ដើម្បីសាងសង់រោងចក្រកែច្នៃឡើង វិញនៅរាជធានីភ្នំពេញផងដែរ។ ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីក ដែលមានមូលដ្ឋាន លើដំឡូងមី សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវបានលើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី Boucher នាយិកា ទីភ្នាកងារអភិវឌ្ឍន៍បារាំង AFD ក៏បានចែករំលែកគម្រោងដែលកំពុងដំណើរការនៅកម្ពុជា ហើយក្នុងកិច្ចសហប្រតិបត្តិការបន្ត នឹងជំរុញឱ្យសម្រេចបានទៅតាមផែនការយុទ្ធរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ពិសេព្រៃ ដោយមានការគាំទ្រជាហិរញ្ញប្បទានពី AFD។

កិច្ចប្រជុំបានបញ្ចប់ដោយមានការឯកភាពគ្នា លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ និងការបន្តទំនាក់ទំនង ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ៕