(កណ្ដាល)៖ លោក​ ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បង្កេីតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដល់សាធារណៈជនឱ្យបានទូលំទូលាយ ។

លោករដ្ឋមន្ត្រីបានណែនាំដូចនេះ នៅគ្រាដែលលោកបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សរុបចំនួន ៥៣នាក់​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយលោកស្រី ជី ថាវី ប្រធានមន្ទីររួចមក ,លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។

ជាការឆ្លើយតបទៅនឹងសំណូមពរចំនួន២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលមានដូចជា៖

ទី១៖ ការដោះស្រាយបញ្ហាខ្វះមធ្យោបាយសម្រាប់ចុះបំពេញការងាររបស់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើជូនអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឱ្យរៀបចំបញ្ជីសារពើភណ្ឌទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានទិន្នន័យច្បាស់លាស់អំពីកង្វះខាត និងតម្រូវការជាក់ស្តែង។

ទី២៖​ សំណូមពរបញ្ចូលគម្រោងផ្លូវជនបទ តាមបណ្តោយព្រំដែនអន្តរជាតិដែលគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD ) លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ឱ្យលើកគម្រោងស្នើសុំតាមរយៈក្រសួង ដើម្បីមានមូលដ្ឋានក្នុងការពិភាាក្សាជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបន្តលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទបន្តខិតខំប្រែក្លាយតំបន់ជនបទទៅជាជនបទស៊ីវិស័យ និងមានកិត្យានុភាព  ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ដែលក្រសួងមានយុទ្ធសាស្ត្រអាទិភាពចំនួន ៤ គឺ៖

ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

ទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាមួយគ្នាលោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងក្រោម៖

-  មន្ទីរ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។

-  មន្ទីរ ត្រូវខិតខំសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យអភិវឌ្ឍន៍ជនបទកាន់តែល្អប្រសើរឡើង។

-  មន្ទីរ ត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពជាធំ។

-  ត្រូវមានឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីមន្ទីរមានភាពជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់មន្ត្រីមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

-  ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការសកម្មការងារ តាមរយៈ ការតម្លើងឋានះតួនាទី កាំប្រាក់ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ៕