(ភ្នំពេញ)៖ អ្នកជំនាញវិស័យម្ហូបអាហារ និងជាចុងភៅដ៏ល្បីល្បាញ លោក លូ ម៉េង បានមើលឃើញថា បច្ចុប្បន្ននេះកម្ពុជាកំពុងមានតម្រូវការចុងភៅអាជីព ដែលមានសញ្ញាបត្រកម្រិតអន្ដរជាតិ ហើយក៏ជាឱកាសសម្រាប់យុវជនទើបបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ឬអ្នកស្រលាញ់វិស័យម្ហូបអាហារ គួរចាប់យកជំនាញមួយនេះ ដើម្បីភាពជោគជ័យនៅថ្ងៃអនាគត។

លោក លូ ម៉េង បានអះអាងថា ចុងភៅនៅក្នុងប្រទេសកម្ពុជា មានចំនួនតិចតួចប៉ុណ្ណោះដែលមានសញ្ញាបត្រកម្រិតអន្ដរជាតិ ដូច្នេះហើយអ្នកដែលស្រលាញ់វិស័យម្ហូបអាហារ ពិសេសជំនាញចុងភៅ គួរក្ដោបក្ដាប់ឱកាសមួយនេះ។ លោកគូសបញ្ជាក់ថា ចុងភៅដែលមានសញ្ញាបត្រប្រទេសនេះ មានលទ្ធភាពច្រើនក្នុងការទទួលបានប្រាក់ខែខ្ពស់ ចាប់តាំងពីចេញធ្វើការដំបូង។

ការថ្លែងបែបនេះរបស់លោក លូ ម៉េង ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ដល់សិស្សនិស្សិត នៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា ឆ្នាំ២០២៣។ សញ្ញាបត្រដែលសិស្សនិស្សិតទទួលបាននេះ មួយទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមួយទៀត ទទួលស្គាល់ដោយប្រទេសស្វីស។

លោក លូ ម៉េង បានលើកឡើងយ៉ាងដូច្នេះថា «រាល់ថ្ងៃនេះយើងត្រូវការមួយឆ្នាំៗ ប្រហែល៤-៥,០០០នាក់ ដែលមានជំនាញចុងភៅ ឬផ្នែកបម្រើការងារភោជនីយដ្ឋាន។ ថ្ងៃនេះទទួលសញ្ញាបត្រ៦០នាក់ យើងនៅខ្វះច្រើនមែនទែនអ្នកដែលបានរៀនជំនាញទទួលសញ្ញាបត្រប្រភេទនេះ»។ លោកបានកត់សម្គាល់ថា ច​ុងភៅអាជីពនៅពេលចេញធ្វើការងារដំបូង យ៉ាងហោចណាស់ក៏ទទួលបានប្រាក់ខែចន្លោះពី៤០០-៥០០ដុល្លារ។

លោកបង្ហាញការយល់ឃើញថា សម្រាប់អ្នកដែលទើបបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ឬចង់ប្ដូរអាជីពមកវិស័យម្ហូបអាហារ អាចពិចារណាបាន ព្រោះនៅតាមបណ្ដាប្រទេសនីមួយៗ ត្រូវការចាំបាច់នូវចុងភៅ ដោយសារតម្រូវការរបស់មនុស្សត្រូវការទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ ដូច្នេះពិតណាស់គឺត្រូវការចុងភៅដែលពូកែ ហើយជាក់ស្ដែងកម្ពុជា ក៏ត្រូវការចុងភៅដែលមានសញ្ញាបត្របែបនេះ។

លោក Bruno Cardone ព្រឹទ្ធបុរស នៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា ក៏បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់លើវិស័យម្ហូបអាហារនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់កញ្ចប់ថវិកាចំនួន៥០ម៉ឺនដុល្លារ ដល់វិទ្យាស្ថាន ដើម្បីផ្ដល់ជាអាហារូបករណ៍ជូនសិស្ស និស្សិតក្រីក្រតាមបណ្ដាខេត្ត ដែលចង់សិក្សាជំនាញនេះ រយៈពេល២ឆ្នាំ។

លោក Bruno Cardone បានបន្ដទៀតថា អាហារូបករណ៍ដែលវិទ្យាស្ថានម្ហូបអាហារកម្ពុជា ផ្ដល់ជូននិស្សិតក្រោយទទួលបានជំនួយពីរាជរដ្ឋាភិបាលនេះ គឺរ៉ាប់រងតែលើការសិក្សាប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការស្នាក់នៅ និងការហូបចុកនោះទេ។ ប៉ុន្ដែលោកអះអាងថា វិទ្យាស្ថានក៏ធ្លាប់គិតគូរទាក់ទងការផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកដល់និស្សិតក្រីក្រមកពីតាមបណ្ដាខេត្តផងដែរ។

និស្សិតដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ សុទ្ធតែបង្ហាញនូវសុទិដ្ឋិនិយមថា ពួកគេនឹងទទួលបានភាពជោគជ័យនៅថ្ងៃអនាគត ក្រោយបញ្ចប់ការសិក្សាជំនាញដែលកំពុងមានតម្រូវការមួយនេះ។ ពួកគេយល់ឃើញថា ផ្ដើមចេញពីឱកាសការងារដែលកំពុងមានតម្រូវការនេះហើយ ទើបធ្វើឲ្យពួកគេសម្រេចចិត្តចាប់ជំនាញជាចុងភៅអាជីព ហើយប្រើប្រាស់រយៈពេល២ឆ្នាំរហូតបញ្ចប់ការសិក្សា៕