(កណ្តាល)៖ អំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។ នេះបើយោងតាម លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថស្រុកកណ្តាលស្ទឹង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅមុននេះបន្តិច។
លោក ជុន វណ្ណី បានបញ្ជាក់ថា រថយន្តខាងលើមានម៉ាក Vista ពណ៌ការ៉ុត ស្លាកលេខភ្នពេញ 2AK-7925 ត្រូវកម្លាំងរបស់លោកតាមទាន់ នៅកន្លែងដែលជនដៃដល់ប្លុងចោល។
បើតាមមេបញ្ជាការអាវុធហត្ថរូបនេះ បានប្រាប់ព័ត៌មានក្នុងជំហ៊ានដំបូងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណសង្ស័យជនជាតិបរទេស អាយុជាង៤០ឆ្នាំ។ នៅវេលាម៉ោងប្រមាណ៤៖៣០នាទីរសៀលថ្ងៃនេះមានមនុស្សគ្នា៣នាក់ បានមកជជែកគ្នា នៅចំណុចសាលាសំណាក់ រង្វង់មូលភូមិកោះខ្នុរ លុះដល់ម៉ោងប្រមាណ ៥៖៣០នាទី ក៏មានការបាញ់សម្លាប់ រួចបើករថយន្តគេចខ្លួន រហូតប្លុងរថយន្តចោលតែម្តង។
លោក ជុន វណ្ណី បានបន្តទៀតថា នៅពេលនេះកម្លាំងអាវុធហត្ថរបស់លោក ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សំ តុលា បាននិងកំពុងសហការជាមួយកម្លាំងនគរបាល តាមស្រាវជ្រាវ និងតាមចាប់ជនដៃដល់។
យ៉ាងណាក៏ដោយ សម្រាប់អត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ស្គាល់នៅឡើយទេ៕