(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ការឯកភាពខាងលើនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់បន្តពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញរំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតជប៉ុនបានឯកភាពរួមគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។

ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕