(សៀមរាប)៖ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាល ដើមី្បបែងចែកក្រុមការងារគោលដៅ និងកំណត់ឃុំដែលជាអទិភាពក្នុងការប្រកាសតំបន់ធ្វើការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានមន្ទីរជំនាញ និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីការិយាល័យភូមិបាលក្រុង ស្រុក។

ក្នុងកិច្ចប្រជុំនោះដែរ លោក ហែន ពុទ្ធី បានលើកពីគោលដៅសំខាន់ៗដែលក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាលដែលអនុវត្តនៅសេសសល់ ក្នុងការប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្ត។ កិច្ចប្រជុំនេះដែរក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុកទាំង១២ លើការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដើមី្បឲ្យការចុះបញ្ជីជាលក្ខណៈប្រព័ន្ធទៅបាននោះ ក្រុង ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព និងរៀបចំក្រុមការងារថ្នាក់ ក្រុង ស្រុកឲ្យមានគ្រប់សមាសភាពពាក់ព័ន្ធ។

លោកបានបន្តថា កន្លងមកស្រុកមួយចំនួន ក៏បានអនុវត្តការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ និងការធ្វើកម្មសិទ្ធិដីធ្លីដាច់ដោយដុំផងដែរ។ នៅចំពោះមុខនេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក៏បានរៀបចំក្រុមការងារបច្ចេកទេសគណៈកម្មការរដ្ឋបាលនៅតាមស្រុក ដោយមានប្រធានការិយាល័យភូមិបាលជាប្រធាន និងមន្ត្រីស្រុក ហើយក៏ទាមទានូវកម្រិតយល់ដឹងអំពីបច្ចេកទេសក្នុងការចុះបញ្ជីដីធ្លី និងកិច្ចដំណើរការផ្សព្វផ្សាយនៅពេលវាស់វែង ជាការកាត់បន្ថយនូវការផ្តឹងតវា នៅពេលធ្វើការបិទផ្សាយទិន្នន័យក្បាល់ដី។

លោកបានបន្តទៀតថា ដើមី្បជៀសវាងនូវភាពយឺតយ៉ាវក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងពេលចុះធ្វើការវាស់វែង ចាំបាច់ត្រូវមានមន្ទីរពាក់ពាន័្ធចូលរួម ដោយតំបន់មួយចំនួននឹងប៉ះពាល់ទីបុរាណដ្ឋាន ស្ទឹង បឹង អូរ ប្រឡាយជាដើម។ ក្នុងនោះដែរលោកក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងការិយាល័យភូមិបាល ក្នុងពេលធ្វើប្លង់គោលត្រូវកំណត់ឲ្យបានច្បាស់នៅលើផែនទី ភូមិសាស្ត្រនៃមូលដ្ឋានខ្លួន ដោយកំណត់ពីទំហំផ្លូវ ថ្នល់ អូរ ប្រឡាយ ឬក៏ផ្លូវ អូរ ប្រឡាយ ស្រះមួយចំនួនត្រូវប្តូរប្រភេទប្រឡាយ និងកំណត់ជាអាងស្តុបទឹកកខ្វក់ ដែលឃុំ ស្រុករៀបចំទុកជាមុន។

ដើមី្បឲ្យកិច្ចដំណើការចុះបញ្ជីដីធ្លីបានលឿន លោកក៏បានក្រើនរំលឹកដល់មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងប្រភេទដីធ្លី (ដីលំនៅដ្ឋាន និងដីស្រែចំការ)ឲ្យបានច្បាស់លាស់។

លោក ហែន ពុទ្ធី បានបញ្ជាក់ថា ក្នុងកិច្ចការងារនេះ រដ្ឋបាលខេត្តនិងមន្ទីរជំនាញបានកសាងនូវផែនទី ៣ប្រភេទ គឺផែនទីព្រំប្រទល់ ផែនទីហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដីធី្ល  ដោយត្រូវបានកំណត់ច្បាស់លាស់នូវទីប្រជុំជន ជាតំបន់លំនៅដ្ឋាន និងជម្រកព្រៃឈើ ដើមី្បលើកនូវផែនការអភិវឌ្ឍន៍មូលដ្ឋាន។ លោកបានសំណូមពរដល់មន្ទីរពាក់ព័ន្ធទាំងអស់សូមជួយធ្វើការសម្របសម្រួល និងផ្តល់ទិន្នន័យបែបបច្ចេកទេសក្នុងការពន្លឿន លើការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធនេះ បានដំណើការទៅដោយរលូនផងដែរ។

លោក ហ៉ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញ ស្តីពីកិច្ចដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុង ស្រុក ព្រម ទាំងការបែងចែកក្រុមការងារតាមស្រុកគោលដៅ។ លោកក៏បានបង្ហាញពីកិច្ចដំណើរការកសាងផែនទីទាំង៣ប្រភេទ ផែនទីព្រំប្រទល់ ផែនទីហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដីធី្ល៕