(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី២០ នៅរាជធានីភ្នំពេញ និងបន្តពិភាក្សាការងារជាមួយនាយកតំបន់នៃសហព័ន្ធកាកបាទក្រហមអន្តរជាតិ  (IFRC), លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហមអឌ្ឍចន្ទក្រហមអាស៊ីអាគ្នេយ៍លើកទី ២០ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តជួបពិភាក្សាការងារជាមួយ លោក Alexander Matheou នាយកតំបន់នៃសហព័ន្ធកាកបាទក្រហមអន្តរជាតិ  (IFRC)។ ជំនួបនោះបានផ្តោតលើការអនុវត្ត MOU រវាងអាស៊ាន និង IFRC ដើម្បីពង្រឹងភាពធន់របស់សមាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបនេះលោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ហើយបានសម្តែងនូវភាពជឿជាក់ថា កម្ពុជានឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសនៅក្រោមក្របខណ្ឌ សហគមន៍សង្គម-វប្បធម៌អាស៊ាន។

នៅរសៀលដដែលនេះលោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានអបអរសាទរ លោកអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា និងបានសម្តែងនូវភាពជឿជាក់ថា កម្ពុជានឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងទៀត៕