(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់អាមេរិក ជប៉ុន និងចិន ដែលកំពុងវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ និងការវិវឌ្ឍន៍ល្អប្រសើរ ព្រមទាំងត្រៀមការវិនិយោគនៅជំហានបន្តបន្ទាប់របស់ពួកគេ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះទៅពិនិត្យច្រវាក់ផលិតកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនចំនួន៣ ដែលកំពុងដំណើរការច្រវាក់ផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នមួយរបស់រដ្ឋ មានតួនាទីភារកិច្ចគ្រប់គ្រងការវិនិយោគនៅកម្ពុជា។ ការធ្វើដំណើរចុះទៅពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននានានៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ស្វែងយល់ពីស្ថានភាពនៃការវិនិយោគ ជាពិសេសបញ្ហាទាំងឡាយដែលក្រុមហ៊ុនកំពុងជួបប្រទះ។
ក្រុមហ៊ុន ក៏ដូចច្រវាក់ផលិតកម្មដែលឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅពិនិត្យដោយផ្ទាល់នាព្រឹកមិញនេះ រួមមាន៖
១៖ ក្រុមហ៊ុន Marvel Garment Co., Ltd. ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ម៉ាកណៃគី Nike, ប៉ូឡូ Polo, លូលូឡេម៉ុន Lululemon។ ក្រុមហ៊ុននេះ បានបង្កើតការងារបានចំនួន ១៣,៣០០កន្លែង។ ក្រុមហ៊ុននេះ ចាប់ផ្តើមវិនិយោគនៅកម្ពុជាឆ្នាំ២០១៩ ក្នុងទុនវិនិយោគ ២៥០លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ៤៥ហិកតា។
ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ជាក្រុមហ៊ុនផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ, គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំងបញ្ចេញពន្លឺ LED, ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ក្រុមហ៊ុននេះ បង្កើតការងារបានចំនួនប្រមាណ ៦,៦៥០កន្លែង។ ក្រុមហ៊ុននេះ បានវិនិយោគនៅកម្ពុជាតាំងពីរឆ្នាំ២០១១ ក្នុងទំហំទុនវិនិយោគប្រមាណ ៧០លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ២០ហិកតា។
ក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Cambodia Beverage Company., Ltd. ជាក្រុមហ៊ុនផលិតផលិតផលភេសជ្ជៈ (Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិទឹក...)។ ក្រុមហ៊ុននេះបានបង្កើតការងារចំនួន ២៣០កន្លែង។ ក្រុមហ៊ុន Cambodia Beverage Company., Ltd. របស់សហរដ្ឋអាមេរិកនេះ បានបោះទុនវិនិយោគចំនួន ១០០លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ១២,៥ហិកតា។
តាមរយៈការជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់ឃើញថា ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមានភាពល្អប្រសើរ ហើយត្រូវបានពង្រីកជាបន្តបន្ទាប់។ ក្នុងនោះក្រុមហ៊ុនមីនីបៀ បានចាប់ពីរោងចក្រតែមួយ តែបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ៣ រីឯក្រុមហ៊ុន Marvel ក៏បាននិងកំពុងពង្រីករោងចក្ររបស់ខ្លួនលើផ្ទៃដីទំហំ៤០ហិកតាបន្ថែមទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការវិនិយោគរបស់វិស័យឯកជន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារខ្ពស់។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើផ្នែកវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ផែនការចុះជួប និងពិនិត្យដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។
កាលពីសប្តាហ៍កន្លងទៅលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ និងត្រៀមចុះទៅតាមតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតផងដែរ។
ក្នុងដំណើរចុះទៅតំបន់សេដ្ឋកិច្ចពិសេសរ៉ួយ៉ាល់គ្រុបភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិនិយោគិន ជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាវិនិយោគិននៃបណ្តាក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែលនេះជាការបង្ហាញអំពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកឡើងអំពីតួនាទីដ៏មានសារៈសំខាន់របស់យន្តការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលមានមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធប្រចាំការជាប់ជាប្រចាំ ក្នុងគោលបំណងផ្តល់កិច្ចសម្រួលវិនិយោគគ្រប់រូបភាព ទាំងនីតិវិធីរដ្ឋបាល ការនាំចេញនាំចូលទំនិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាឧទាហរណ៍ដ៏ល្អ និងជាផ្នែកមួយនៃការផ្តល់សេវាថែទាំវិនិយោគដូចមានចែងនៅក្នុងច្បាប់ និងអនុក្រឹត្យស្តីពីវិនិយោគនៅកម្ពុជា។
ចំពោះសកម្មភាពផ្សព្វផ្សាយទាក់ទាញវិនិយោគមកកម្ពុជា នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញឆន្ទៈខ្ពស់ អញ្ជើញទៅពន្យល់ និងផ្សព្វផ្សាយដោយផ្ទាល់ អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ជាពិសេសផ្សព្វផ្សាយអំពីគោលនយោបាយ និងផែនការសកម្មភាពចំពោះមុខរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕