(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកសមាគមរាប់សិបម៉ឺននាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការប្រកាសគាំទ្រនេះធ្វើឡើងក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលចំនួន៩រូប ដែលបានធ្វើឡើងនៅការិយាល័យសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសគាំទ្រកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺស្របពេលរាជរដ្ឋាភិបាលកំណត់ពេលវេលាចាប់ផ្តើមអនុវត្តរួចរាល់ហើយ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលានៃការចាប់ផ្តើមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ។

គួរជម្រាបថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦នោះ រួមមាន៖
ទី១. ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ទី៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
ទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ពាក់ព័ន្ធនឹងការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានបង្ហាញក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ចំពោះសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា ហើយជាពិសេសសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានណែនាំឱ្យមានការកែទម្រង់ ដោយឱ្យរៀបចំនូវសមាសភាពសម្រាប់អាណត្តិទី១នៃក្រមប្រឹក្សានេះឱ្យមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនឹងសមតុល្យ និងតុល្យភាពការងារ។

បើតាមលោកឧកញ៉ា ឡី សុភាព ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនទាំង៩រូបដែលត្រូវបានចម្រាញ់ និងប្រកាសតែងតាំងនាពេលនេះ សុទ្ធតែជាបុគ្គលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសមាគមឱ្យមានការរីកចម្រើន ហើយថាការរៀបចំកែសម្រួលក្បាលម៉ាស៊ីនដឹកនាំទាំង៩នាក់នេះ គឺជាការតម្រង់ទិសពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យយត្រូវតាមក្បួនខ្នាត ហើយចាប់ពីពេលនេះទៅ រាល់សកម្មភាពទាំងឡាយរបស់សមាគមសហពន្ធ័យុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។

ក្នុងន័យនេះ ឧកញ៉ាបណ្ឌិតចង់បញ្ជាក់ថា យន្តការរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ច ពិតជាទូលំទូលាយដែលអាចបញ្ចូលសមាជិកបានទាំងរូបវន្តបុគ្គល និងនីតិបុគ្គល រួមមាន អាជីវកម្មមីក្រូ តូច និងមធ្យម និងទាំងសមាគម អង្កការ។ ដូច្នេះនៅក្នុងអាណត្តិទី១នេះ លោកប្រធានអាចស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីឱ្យក្រុមប្រឹក្សាភិបាលអាចកាន់ជាប្រធានគណៈកម្មការបានផងដែរ។

សូមបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ ដែលប្រកាសតែងតាំងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះគាំទ្រ និងអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រនៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាពចំនួន៩រូប ក្នុងនោះរួមមាន៖
១-លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធាន
២-លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១
៣-លោកឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២
៤-លោកបណ្ឌិត ឈុន តិច សមាជិក
៥-លោកបណ្ឌិត ហាំង សេងហុង សមាជិក
៦-លោក អ៊ូច សាមុត សមាជិក
៧-លោក រ៉ង សារ៉ាន់ សមាជិក
៨-លោក សួង សឿន សមាជិក
៩-លោកស្រី​យូរ ធីតារ័ត្ន សមាជិកា។

ក្នុងអាណត្តិទី១ ក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសតាំងពីគណៈកម្មការសមាគម ក៏ប៉ុន្តែបន្ទាប់ពីការតែងតាំងក្រុមប្រឹក្សាហើយ ក្រុមប្រឹក្សានេះជាអ្នកអនុម័តការងារនានាទាំងអស់របស់សមាគមវិញ។ ដោយឡែក សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជាមានភារកិច្ចកសាងសមាជិក ដែលអាចមានសមាជិកទាំងរូបវន្តបុគ្គល និងនីតិបុគ្គល៕