(សៀមរាប)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣, នៅសណ្ឋាគារ អេមព្រីសអង្គរនៃខេត្តសៀមរាប, បណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដោយមានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមធ្វើជាអធិបតីក្នុងសិក្ខាសាលាប្រមូលផ្ដុំធាតុចូលជាមូលដ្ឋានសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ក្រោមកម្មវិធីកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការរវាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ និងមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាល, ប្រធានអគ្គនាយក, អគ្គនាយក, តំណាងក្រសួង-ស្ថាប័នអាណាព្យាបាល, តំណាងអាជ្ញាធរសវនកម្មជាតិ ថ្នាក់ដឹកនាំតំណាង និងមន្ត្រីជំនាញ ពាក់ព័ន្ធនៃសហគ្រាសសាធារណៈទាំងអស់ ព្រមទាំងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ។

បន្ទាប់ពីបានស្តាប់របាយការណ៍ពិស្តាររបស់លោក នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរួចមក,លោកបណ្ឌិត អៀង ស៊ុនលី បានមានមតិគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបជាមុន និងប្រមូលផ្ដុំធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋបន្ថែមលើខ្លឹមសារជាច្រើន ដែលបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើសិក្ខាសាលាប្រមូលធាតុ ចូល និងពិភាក្សាចំនួន៣លើករួចហើយ និងកំពុងរៀបចំដាក់ឆ្លងកិច្ចប្រជុំថ្នាក់នាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងន័យនេះ ជាផែនការសកម្មភាពអាទិភាពដំបូងនៃកិច្ចការងារកែទម្រង់សហគ្រាសសាធារណៈ ការរៀបចំ ច្បាប់គោលថ្មីមួយសម្រាប់គ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដោយមិនធ្វើវិសោធនកម្មលើ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈឆ្នាំ ១៩៩៧ ដើម្បីឱ្យមានសង្គតិភាពទៅនឹងការវិវឌ្ឍនៃសង្គម- សេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧។

ការរៀបចំច្បាប់នេះ ក៏មានគោលបំណង ផងដែរ ដើម្បីគ្រប់គ្រងសហគ្រាសសាធារណៈទាំងអស់ រួមទាំងសហគ្រាសសាធារណៈ ដែលបានអនុញ្ញាតឱ្យ បោះផ្សាយលក់មូលបត្រ ឱ្យមកស្ថិតក្រោមបទដ្ឋានគតិយុត្តតែមួយ។

លោកបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកំណត់នូវអាទិភាពគោលនយោបាយសំខាន់ៗ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ គឺការបន្តអនុវត្តនូវកម្មវិធីកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រ។

ទន្ទឹមនឹងនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី នឹងបន្តគាំទ្រ ព្រមទាំងជំរុញកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្រោមសមត្ថកិច្ចរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ការណ៍នេះ, ទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវសា្ថប័នសាធារណ អង្គភាពរដ្ឋ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងជាពិសេសសហគ្រាសសាធារណៈតែម្តង ដែលជារចនាសម្ព័ន្ធន យន្តការ, សំណុំវិធានច្បាប់, ធនធានមនុស្ស មធ្យោបាយ និងធនធានហិរញ្ញវត្ថុ និងឥរិយាបថក្នុងការធ្វើប្រតិបត្តិការ អាជីវកម្ម-សេវាកម្មក្នុងទីផ្សារប្រកួតប្រជែង។

កំណែទម្រង់សហគ្រាសសាធារណ: គឺជាចំណែកមួយនៃគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិ- បាល ដើម្បីចូលរួមជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច, ការពង្រឹងអភិបាលកិច្ច, ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, តម្លាភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការដាក់ទុនវិនិយោគ, ការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងធនធាន មនុស្ស ព្រមជាមួយកម្លាំងពលកម្មរបស់សហគ្រាសសាធារណៈ។

ការកែទម្រង់នេះ ក៏សំដៅធានាឱ្យបាននូវកិច្ច ដំណើរការនៃការប្រព្រឹត្តទៅរបស់សហគ្រាសសាធារណៈ ប្រកបដោយនិរន្តរភាព សម្រេចបានគោលដៅអាជីវកម្ម និងទទួលបានប្រាក់ចំណេញនៅក្នុងទីផ្សារប្រកបដោយការប្រកួតប្រជែងផង ព្រមទាំងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង រួមទាំងការផ្តល់ផលប្រយោជន៍សាធារណៈ និងបម្រើសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់សាធារណជន៕