(តាកែវ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ត្រូវបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជននៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ការផ្ដល់អនុសាសន៍ណែនាំទាំងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះជួបសំណេះសំណាលជាមួយប្រជាជនសហគមន៍ចលនាភូមិថ្មី នៅភូមិជម្ពូព្រឹក្ស ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់សហគមន៍ចលនាភូមិថ្មីរួចមក លោករដ្ឋមន្រ្ដីបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រមទាំងបានឧបត្ថម្ភនូវឧបករណ៍បំពងសំឡេងមួយឈុតដល់សហគមន៍ផងដែរ។

ជាមួយគ្នានោះ លោកក៏បានចុះពិនិត្យសមិទ្ធផលនានារបស់សហគមន៍ចលនាភូមិថ្មី រួមមាន៖ សាលាមត្តេយ្យសិក្សា ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ សួនកុមារ ស្រះទឹក សាលាបុណ្យ សិប្បកម្មតម្បាញលក្ខណៈគ្រួសារ និងពិនិត្យស្រះចិញ្ចឹមត្រីជាលក្ខណៈគ្រួសារផងដែរ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជនបទតាមគំរូចលនាភូមិថ្មី បាននិងកំពុងអនុវត្តក្នុងភូមិគំរូសាកល្បងចំនួន៣០ភូមិនៃខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ស្ពឺមាន១០ភូមិ ខេត្តតាកែវមាន១០ភូមិ និងខេត្តត្បូងឃ្មុំមាន១០ភូមិ។ ដោយឡែក នៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មាន៥ភូមិ គឺភូមិជម្ពូព្រឹក ភូមិឫស្សីថ្មី ភូមិពន្សាំង ភូមិចម៉្បា និងភូមិរនាមពេជ្រ ដែលផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋឱ្យមានភាពឧស្សាហ៍ព្យាយាម រឹងមាំដោយខ្លួនឯង និងចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។

នារសៀលថ្ងៃដដែលនោះដែរ លោក ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពីសំណាក់លោក មូល វិចិត្ត អភិបាលរងខេត្តតាកែវ និងប្រតិភូអមដំណើរ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ រយៈពេល៩ខែដើមឆ្នាំ២០២៣ ដោយលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរួចមក លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរនាពេលកន្លងមក និងបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយក្រសួងអភិវឌ្ឍន៍ជនបទខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន គឺលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដូចខាងក្រោម៖

១. បន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

២. សហការឱ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសរបស់រដ្ឋបាលខេត្តតាកែវ។

៣. ពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស។

៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល។

៥. ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយដល់សាធារណជន៕